ល្មមអស់ម៉ោងបែកបាក់ហើយ
ខ្លូនឯងជាខ្មែរ តែប្រឹងបង្វែរ ឱ្យដូចបស្ចឹម
ប្រទេសគេមាន សេរីទំហឹង ឯងថាខ្មែររឹង
មិនធ្វើដូចគេ។
ឯងឆ្កឺះឯងកាយ អាស្រូវទាំងឡាយ ឱ្យបរទេសកោត
ហើយផ្តល់ជំនួយ ជួយដុតកម្លោច កេរ្តិ៍ខ្មែរអសោច
តាមប្លង់គម្រោង។
ខ្មែរពេញនគរ គេសុខសាទរ ក្នុងសន្តិភាព
តែឯងប្រឹងដោត ចោទថាចោលម្សៀត ដើម្បីឯងឆ្លៀត
បរទេសលើកស្ទួយ។
ឯងបានដឹងហើយ ថាខ្មែរបានស្បើយ រួចទុក្ខផុតទោស
សង្រ្គាមរ៉ាំរ៉ៃ ជាង៣ទសវត្សរ៍ តែឯងធ្វើឆោត
ដោយកោតបរទេស។
ឯងខំប្រឹងស្រែក ថាខ្មែរនេះប្លែក មិនដូចស្រុកគេ
ហើយឯងភ្លេចគិត ថាខ្មែរឥតរេ ប្រឹងដោះប្រឹងដេរ
គ្រប់ថ្នេរដាច់ដោច។
ប្រជាធិបតេយ្យ គ្មានការសង្ស័យ មិនអាចដូចគ្នា
មិនត្រូវចម្លង ឱ្យដូចគ្រប់គ្រា ដែលប្រឹងនាំគ្នា
ធ្វើតាមនោះទេ។
គម្រោងលុយកាក់ ឯងដឹងជាក់ច្បាស់ ត្រូវតាមផែនការ
បើមិនដូច្នោះ លុយមិនធ្លាក់ណា ហេតុនេះត្រូវថា
តាមគម្រោងលុយ។
ឯងថាឯងប្រឹង ឯករាជ្យគ្មានពឹង ម្ចាស់ការខ្លួនឯង
ប៉ុន្តែបើលុយ បើកហ៊ានហួសខែ ឯងត្អូញឯងត្អែរ
ថាចង់ Resign។
ឯងបានវីហ្ស៉ា ចេញចរយាត្រា ហោះទៅបរទេស
ឯងសប្បាយចិត្ត ព្រោះដេកស៊ី Free មុខដូចគ្រាប់ជី
ភ្លេចទំនៀមឯង។
ឯងសប្បាយចិត្ត ព្រោះដេកស៊ី Free មុខដូចគ្រាប់ជី
ភ្លេចទំនៀមឯង។
ពេលឯងមកវិញ ឯងធ្វើឬកពេញ ពោរដោយអំនួត
គិតថាបរទេស គេខ្ពង់គេខ្ពស់ ហើយក៏បន្ទោស
ជាតិសាសន៍ខ្លួនឯង។
គិតថាបរទេស គេខ្ពង់គេខ្ពស់ ហើយក៏បន្ទោស
ជាតិសាសន៍ខ្លួនឯង។
ឯងត្រូវចាំចារ គ្មានបរទេសណា ស្ម័គ្រថ្លានឹងឯង
ពេលចប់គម្រោង គេ Say Goodbye ទុកឱ្យឯងក្លាយ
អមិត្តជាតិខ្លួន។
ល្មមដល់វេលា គិតមករួមគ្នា ជាតិយើងតែមួយ
កុំតាមបរទេស គេញាក់គេញុះ ឱ្យខ្មែរបានឈ្លោះ
តាមមនោគម។
(ពាក្យចុងចួនបន្តិចបន្តួចប៉ុណ្ណោះ)
ឆាយ សុផល
៤ ឧសភា ២០២៤