បណ្ឌិត ឆាយ សុផល ត្រូវធ្វើជាប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី
នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តសារព័ត៌មានកម្ពុជា ដែលជនជាតិរបស់ខ្លួនមានសមត្ថភាព និងឱកាសបានធ្វើជាប្រធានសមាគម ដឹកនាំអ្នកសារព័តមានអន្តរជាតិ
Cambodia News
ទីក្រុងអ៊ីនឈាន់ (កូរ៉េខាងត្បូង)៖ សមាគមអ្នកសារព័ត៌មានអាស៊ី (Asian Journalist Association ហៅកាត់ថា AJA) ដែលមានសមាជិកចំនួន៤០ប្រទេស ក្នុងនោះក៏មានមជ្ឈឹមបូព៌ា អឺរ៉ុបខាងកើត អាស៊ី-ប៉ាហ្វ៊ិក និងអាស៊ីខាងត្បូងដែរ នៅសប្តាហ៍នេះ បានបោះឆ្នោតជ្រើសរើសបណ្ឌិត ឆាយ សុផល ឱ្យធ្វើជាប្រធានសមាគមនេះ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
លោក Lee Sang-ki ជនជាតិកូរ៉េ ដែលជាស្ថាបនិក និងជាអតីតប្រធាន AJA បានបញ្ជាក់ថា ដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍឆាប់រហ័ស ក្រោយការជួបទុក្ខសោកអស់រយៈពេលប្រមាណបីទសវត្សរ៍ ជាពិសេស ស្ថានភាពសេរីភាពសារព័ត៌មានមានលក្ខណៈប្រសើរ នោះសមាជិក AJA ពិតជាមានមោទនភាពចំពោះកម្ពុជា ដែលត្រូវចែករំលែកទៅពិភពលោក តាមរយៈសមាជិក AJA នៅទូទាំងអាស៊ី និងនៅពិភពលោក។
លោក Sang-ki បានបន្ថែមថា ម្យ៉ាងទៀត បណ្ឌិត ឆាយ សុផល មានពិតជាមានលក្ខណៈសម្បិត្តគ្រប់គ្រាន់ ទាំងសមត្ថភាព បទពិសោធន៍ និងកំរិតសិក្សាខ្ពស់ថ្នាក់បណ្ឌិត គឺពិតជាស័ក្តិសមធ្វើជាសំឡេងតំណាងអ្នកសារព័ត៌មានកម្ពុជាផង និងតំណាងសមាគម AJA ផង នៅក្នុងវិស័យព័ត៌មានជាសកល ខណៈដែលពិភពលោកកំពុងបារម្ភពីសង្រ្គាម វិបត្តិ និងក្តីវិនាសអន្តរាយ។
លោក Sang-ki បន្តថា បើទោះជាសមាគមនេះមានឈ្មោះថា «សមាគមអ្នកសារព័ត៌មានអាស៊ី» ក៏ដោយ ក៏នៅពេលកិច្ចប្រជុំប្រចាំឆ្នាំ សមាគមបានអញ្ជើញអ្នកសារព័ត៌មានមកពីអាម៉េរិក អឺរ៉ុប និងអាហ្វ្រិកមកចូលរួមផងដែរ។
កិច្ចការស្នូលរបស់សមាគម AJA ត្រូវបានប្រតិបត្តិប្រចាំថ្ងៃដោយអគ្គលេខាធិការជាជនជាតិកូរ៉េ នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងសេអ៊ូល និងមានអនុប្រធាន២រូប គឺជនជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ី អមដោយប្រធានកិត្តិយសជាជនជាតិសិង្ហបុរី។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាអតីតអ្នកសារព័ត៌មានអាជីពដ៏ចំណានមួយរូបផង បានសម្តែងការគាំទ្រចំពោះតួនាទីនេះរបស់បណ្ឌិត ឆាយ សុផល ខណៈលោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា ក៏បានបង្ហាញពីការសាទរចំពោះបណ្ឌិត ឆាយ សុផល ដោយបញ្ជាក់ថា តាមរយៈនាទីនេះ បណ្ឌិត ឆាយ សុផល អាចស្វែងរកជ្រុងណាមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្លិបអ្នកការសែតកម្ពុជា និងសមាគម AJA នៅពេលខាងមុខ ដើម្បីឱ្យអ្នកសារព័ត៌មានកម្ពុជាបានផ្លាស់ដំណើរទស្សនកិច្ចទៅបរទេស។
សមាគម AJA ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ នៅទីក្រុងសេអ៊ូល ដែលជាស្ថាប័នចាត់តាំងព័ត៌មានអន្តរជាតិ លើកស្ទួយសន្តិភាព ការរួបរួម និងកិច្ចសហការជាសកល ហើយពង្រឹងសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ។
បច្ចុប្បន្ន លោក Ashraf Aboul-Yazid ជនជាតិអេហ្ស៊ីប ជាប្រធាន ហើយពិធីប្រគល់តួនាទីនឹងត្រូវធ្វើឡើងនៅទីក្រុងសេអ៊ូល នាខែងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
បណ្ឌិត ឆាយ សុផល បានបង្ហាញពីអារម្មណ៍មោទនៈ ចំពោះតួនាទីនេះ ព្រោះថា នេះជាលើកដំបូងមិនដែលមាននៅក្នុងប្រវត្តិសាស្រ្តសារព័ត៌មានកម្ពុជា ដែលជនជាតិរបស់ខ្លួនមានសមត្ថភាព និងឱកាសបានធ្វើជាប្រធានសមាគម ដឹកនាំអ្នកសារព័តមានអន្តរជាតិបែបនេះ ដោយលោកបញ្ជាក់ថា «មិនមែនតែរូបខ្ញុំទេដែលមានមោទនភាពខ្លួនឯងនោះ ប៉ុន្តែអ្នកសារព័ត៌មានកម្ពុជាចាស់ថ្មីជាច្រើននាក់ក៏មានមោទនភាពចំពោះតួនាទីនេះដែរ ព្រោះនេះគឺជាកិត្តិយសរបស់ប្រទេសកម្បូជាក្នុងវិស័យព័ត៌មាន»។
សូមរម្លឹកថា សម្រាប់កាងារ បណ្ឌិត ឆាយ សុផល មានបទពិសោធន៍ក្នុងវិស័យព័ត៌មាន និងសារគមនាគមន៍ (ការងារទំនាក់ទំនង) រយៈពេលប្រមាណ៣០ឆ្នាំ ក្នុងនោះ បានបំពេញការងារជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មានរយទ័រ (Reuters) របស់ប្រទេសអង់គ្លេសរយៈពេលជាង១០ឆ្នាំ, ជាជំនួយការផ្នែកទូរទស្សន៍ អេភី (AP) របស់អាម៉េរិក, ជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យវិទ្យុ FM68h ជាភាសាអង់គ្លេស របស់ឥណ្ឌូណេស៊ី, ជានិពន្ធនាយកកាសែត Cambodia News, ជាមន្ត្រីសម្របសម្រួលការងារទំនាក់ទំនង និងអ្នកនាំពាក្យឱ្យអង្គការខាណា (KHANA), ជាអ្នកពិគ្រោះយោបល់ការងារទំនាក់ទំនងលើគម្រោងលើកស្ទួយអភិបាលកិច្ចល្អរបស់ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank), ជាមន្រ្តីគម្រោងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៃអង្គការ UNESCO, និងធ្លាប់ជានាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា។ បន្ថែមពីលើនេះ ក្រៅពីបានសរសេរសៀវភៅចំនួន១៨ចំណងជើង ហើយសៀវភៅខ្លះមានជាភាសាអង់គ្លេស និងភាសាចិន បណ្ឌិត ឆាយ សុផល ក៏បានជួយកែសម្រួលសៀវភៅផ្សេងទៀតទាំងភាសាខ្មែរ និងអង់គ្លេសឱ្យឥស្សរជនមួយចំនួន រួមទាំងជួយពិនិត្យសៀវភៅ «ឯកសារនៃតុលាការប្រជាជនបដិវត្តន៍កម្ពុជា» ជាភាសាអង់គ្លេស និងឯកសារស្រាវជ្រាវ និងឯកសារវិភាគនយោបាយជាច្រើនទៀត។
ចំពោះការសិក្សា លោកបានបញ្ចប់វិទ្យាល័យនៅសាលាភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) នៅឆ្នាំ១៩៨៨។ មុនបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យ អាតេណេអូ ដឺ ម៉ានីឡា (Ateneo de Manila University) នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ក្រោយបំពេញការសិក្សាជំនាញសារព័ត៌មាន នៅសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) ក្នុងទីក្រុងបាងកក ប្រទេសថៃ។
តាមរយៈបទពិសោធន៍ការងារ និងកំរិតសិក្សាជាន់ខ្ពស់នេះ បណ្ឌិត ឆាយ សុផល ត្រូវបានស្ថាប័នអន្តរជាតិអញ្ជើញឱ្យទៅប្រមាណ៣០ប្រទេស ក្នុងនោះមានអាម៉េរិក កាណាដា អូស្ត្រាលី អាល្លឺម៉ង់ រុស្ស៊ី និងបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប មជ្ឈឹមបូព៌ា ព្រមទាំងអាស៊ី ដោយប្រទេសខ្លះបានទៅលើសពី៣០ដង ក្នុងនាមជាគ្រូឧទ្ទេស ជាវាគ្មិន ជាអ្នកចូលរួម និងជាអ្នកយកព័ត៌មាន៕