រាជធានីខេត្តចំនួន៣ដែលមានពលរដ្ឋទទួលបានបណ្ណសមធម៌ច្រើនជាងគេ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការបានឱ្យដឹងថា រាជធានីខេត្តចំនួន៣ដែលមានដូចជា៖រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង គឺជារាជធានីខេត្តដែលមានប្រជាពលរដ្ឋទទួលបានបណ្ណសមធម៌ច្រើនជាងគេ។ ចំពោះមូលហេតុលោកបានបញ្ជាក់ថា ដោយសាររាជធានីខេត្តខាងលើមានប្រជាជនរស់នៅច្រើន ដូច្នេះហើយកាលណាមានប្រជាជនរស់នៅច្រើនអត្រានៃអ្នកក្រីក្រក៏មានចំនួនច្រើនផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការរូបនេះសង្កត់ធ្ងន់ថា ចំពោះរាជធានីភ្នំពេញបើទោះបីជាភូមិសាស្ត្រមានភាពស្មុគស្មាញយ៉ាងណាក្តី ក្រសួងផែនការមិនមានការលំបាកប៉ុន្មាននោះទេក្នុងការវាយតម្លៃ ឬកំណត់ទៅលើប្រជាជនណាដែលមានភាពក្រីក្រពិតប្រាកដ និងស័ក្ដិសមក្នុងការទទួលបណ្ណសមធម៌។

សូមបញ្ជាក់ថា បើតាមលោក ថេង បញ្ញាធន ការកំណត់គ្រួសារក្រីក្រ ឬ បណ្ណសមធម៌បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៦មកម្ល៉េះ ដែលនៅកម្ពុជាតែងតែនិយាយពីគ្រួសារក្រីក្រ ការផ្ដល់អន្ដរាគមន៍ ប៉ុន្ដែយន្ដការសម្រាប់ការកំណត់ការផ្ដល់ថានរណាជាគ្រួសារក្រីក្រពិតប្រាកដមិនមានទេ។ បន្ថែមពីនេះ ការកំណត់តាមក្រសួងផែនការដែលបានកំណត់នៅក្នុងបណ្ណសមធម៌មានកម្មវិធីមួយចំនួនរួមមាន៖

១៖ សម្រាប់ផ្ដល់សេវាសុខាភិបាល ដោយមិនគិតថ្លៃពីមូលនិធិបណ្ណសមធម៌សុខាភិបាល
២៖ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ដ្រីមានផ្ទះពោះ និងកុមារក្រោមអាយុ២ឆ្នាំ
៣៖ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
៤៖ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រុមគោលដៅដែលមានការលំបាកផ្នែកជីវភាព ក្នុងតំបន់បិទខ្ទុបក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្ដកណ្ដាល និងខេត្ដព្រះសីហនុ
៥៖ គ្រួសាររងហានិភ័យ រងផលប៉ះពាល់ពីអតិផរណា និងទឹកជំនន់
៦៖ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រសារក្រីក្រ និងកម្មវិធីជាច្រើនដែលបានអនុវត្ដអង្គការដើម្បីរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងជំនាញខាងលើបានឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋក្នុងទូទាំងប្រទេសប្រមាណ៨០ម៉ឺនគ្រួសារ បានទទួលបណ្ណសមធម៌ ហើយរហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាតិប្រមាណ១,៣៣១លានដុល្លារអាមេរិក រ៉ាប់រងលើជំនួយសង្គម ចាប់តាំងជំងឺកូវីដ-១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក៕

Related Articles

Back to top button
Close
Close