ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅឡាវ
សារព័ត៌មាន ឃែមបូឌាញ៊ូស៍/
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ដំណើរបំពេញទស្សនកិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរសម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា៕