ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
សារព័ត៌មាន ឃែមបូឌាញ៊ីស៍/
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វព្រះរាជហឫទ័យស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ។ កំលុងគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀបចំថ្វាយនូវការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពនេះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរខែជាដើម។
អំឡុងពេលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកបំពេញថ្វាយព្រះអង្គ៕