ស្រ្តី និងកុមារ គឺជាក្រុមងាយរងគ្រោះបំផុតនៅពេលមានគ្រោះទឹកជំនន់
Cambodia News
ដោយ៖ ហេង នាង
ខណៈដែលសម្ពាធទាប និងបង្អោភ្លៀងនៅតែបន្ត ជាពិសេសក្នុងតំបន់ភាគខាងជើងនិងខាងកើតប្រទេសកម្ពុជានោះ រដ្ឋា ភិបាលមានក្តីបារម្មណ៍ជាខ្លាំងប្រសិន បើទឹកជំនន់អាចមានក្នុងពេលឆាប់ៗពិតមែននោះ ចំពោះក្តីបារម្ភមួយមួយទៀតដែល អាជ្ញាធរគួរតែយកចិត្តទុកដាក់បំផុតនោះ គឺស្ត្រី និងកុមារ។
កាលពីឆ្នាំ២០១១ គ្រោះទឹកជំនន់បាន ឆក់យកជីវិតជាង២៤០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ ហើយប្រជាពលរដ្ឋរាប់ម៉ឺន នាក់បានបង្ខំចាកចេញពីផ្ទះសំបែង។ ទន្ទឹមនោះការខូច ខាតទ្រព្យសម្បត្តិ និងភោគផលស្រែចំការ ដោយសារគ្រោះទឹកជំនន់ បានធ្វើឲ្យគ្រួសារកសិករមួយចំនួន បង្ខំចិត្តឲ្យកូនស្រីរបស់ខ្លួនបញ្ឈប់ការសិក្សា ហើយងាកមកជួយកិច្ចការរបស់ឪពុកម្តាយ។
អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម លោកស្រី រស់ សុភក្តិ បានលើកឡើងថា នៅពេលមានទឹកជំនន់ស្ត្រីមានផ្ទៃពោះដែល ដល់ពេលសម្រាលក៏ជួបនូវបញ្ហាដែរ ដូចជាការពិបាកធ្វើដំណើរទៅមជ្ឈមណ្ឌលសុខភាព និងការខ្វះថ្នាំសង្កូវ ភាគច្រើនស្ត្រី ទាំងនោះប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ។
យោងតាមការសិក្សាមួយរបស់ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជាបានឲ្យដឹងថា នៅពេលមានគ្រោះមហន្តរាយ ជាពិសេសគឺទឹកជំនន់ ស្រ្តី និងកុមារ គឺងាយរងគ្រោះបំផុត ។ ប្រការនេះទាមទារឲ្យស្ថាប័នពាក់ ព័ន្ធនានាជាពិសេសគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់កំរិត មានការយកចិត្តទុកដាក់បន្ថែមទៀតពីបញ្ហានេះ៕