ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងអធិការកិច្ច រៀបចំវេទិកាពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់»
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកិច្ចសហការពីក្រសួងអធិការកិច្ច នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំវេទិការពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ដែលប្រព្រឹត្តិទៅ នៅក្រសួងអធិការកិច្ច។
លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា អាចចាត់ទុកថានេះជាលើកទី១ដែល ក.អ.ក រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ច ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជា សំដៅបង្ការទប់ ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។
ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតី និងវាគ្មិនក្នុង វេទិកាពិភាក្សានេះ ហើយ ឯកឧត្តម បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈមរួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។
ក.អ.ក ចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយក៏ជាឱកាសក្នុងការ លើកឡើងនូវចម្ងល់ផ្សេងៗទាក់ទងនឹងការងារអធិការកិច្ចផងដែរ៕