អក្ខរកម្ម – កាតាលីករ​នៃ​ការ​អភិវឌ្ឍ​និង​​សន្ដិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា

ការអបអរសាទរទិវាអក្ខរកម្មអន្ដរជាតិឆ្នាំ ២០១២

ដោយ  Anne Lemaistre

អក្ខរកម្ម គឺជាកាតាលីករសម្រាប់ការអភិវឌ្ឍ និងជាកម្លាំងចលករដែលនាំឱ្យមានសន្ដិភាព។ ទិវាអក្ខរកម្មអន្ដរជាតិ ដែលត្រូវបានប្រារឰធ្វើឡើង នៅរៀងរាល់ថ្ងៃទី ៨ ខែកញ្ញា គឺជាកាលនុវត្ដភាពដ៏វិសេសវិសាលមួយ ដើម្បីធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលយើងទាំងអស់គ្នាមាន នៅក្នុងការខិតខំសម្រេចនូវអក្ខរកម្មសម្រាប់ទាំងអស់គ្នា និងធ្វើការពិចារណាលើបញ្ហាប្រឈមនានា ដែលនៅបន្ដមានចំពោះមុខ។ ប្រធានបទជា អន្ដរជាតិសម្រាប់ឆ្នាំនេះគឺ “អក្ខរកម្មដើម្បីសន្ដិភាព” ហើយនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលបានជ្រើសរើសប្រធានបទមួយ ដែលផ្ដោតលើសារៈសំខាន់នៃអក្ខរកម្ម នៅក្នុងការពន្លឿនការអភិវឌ្ឍជាតិ នោះគឺ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ”។

ការលើកកម្ពស់អក្ខរកម្មនៅក្នុងប្រទេសកម្ពុជា មានសារៈសំខាន់យ៉ាងខ្លាំង ដោយសារតែអក្ខរកម្មផ្ដល់ ឱ្យប្រជាពលរដ្ឋនូវជំនាញ និងទំនុកចិត្ដ ក្នុងការស្វែងរកព័ត៌មានសំខាន់ៗ និងធ្វើការសម្រេចចិត្ដផ្អែកតាម ព័ត៌មាន ដែលមានឥទ្ធិពលដោយផ្ទាល់លើគ្រួសារ និងសហគមន៍របស់ពួកគេ។ លើសពីនេះ អក្ខរកម្មពង្រឹងការយោគយល់គ្នាទៅវិញទៅមក តាមរយៈការផ្ដល់លទ្ធភាពឱ្យមនុស្សអាចចែករំលែកគំនិត និងអាចបង្ហាញ រក្សាការពារ និងអភិវឌ្ឍ អត្ដសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌របស់ពួកគេ។

មានរឿងរ៉ាវនៅតាមមូលដ្ឋានមួយចំនួន ដែលបង្ហាញឱ្យឃើញនូវភ័ស្ដុតាងយ៉ាងជាក់ច្បាស់ថា អក្ខរកម្ម ពិតជាបានជួយដល់ប្រជាពលរដ្ឋ និងសហគមន៍ នៅក្នុងប្រទេសកម្ពុជាបាន។ ករណីរបស់ លោកស្រី ស្ងួន សុផល គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលបង្ហាញថា អក្ខរកម្មអាចជួយកែលំអជីវិតរស់នៅរបស់គាត់។ សុផល គឺជាស្ដ្រីម្នាក់ដែលមិនចេះអក្សរ មានវ័យ ៣៥ ឆ្នាំ រស់នៅក្នុងភូមិគោកស្រុក ខេត្ដសៀមរាប ត្រូវបង្ខំចិត្ដបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់ទី ៣ នៃសាលាបឋមសិក្សា ដោយសារតែគ្រួសាររបស់គាត់ មិនមានលទ្ធភាពទិញឯកសណ្ឋានសិស្ស និងសម្ភារសិក្សាផ្សេងទៀតឱ្យគាត់។ ប៉ុន្ដែ ក្រោយពីបានចូលរួមរៀនសូត្រ នៅក្នុងថ្នាក់អក្ខរកម្ម នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលឧបត្ថម្ភដោយសហព័ន្ធជាតិនៃសមាគមយូណេស្កូរបស់ប្រទេសជប៉ុនរួចមក ជីវិតរបស់គាត់មានការផ្លាស់ប្ដូរយ៉ាងច្រើន។ ឥឡូវនេះ សុផលចេះអាន ចេះសរសេរ និងប្រើប្រាស់ចំណេះដឹងដែលទទួលបាន នៅក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់។ គាត់បានពន្យល់ប្រកបដោយមោទនភាពថា “ខ្ញុំអាចវាស់ក្រណាត់សម្រាប់គ្រួសាររបស់ខ្ញុំ និងអាចថ្លឹងបន្លែ សម្រាប់លក់នៅក្នុងផ្សារក្នុងស្រុកបាន។ ខ្ញុំលែងឱ្យគេកេងបន្លំទៀតហើយ”។ ដោយដឹងពីសារៈសំខាន់នៃការអប់រំ សុផលបានខិតខំប្រឹងប្រែង ដើម្បីក្លាយជាគ្រូ   មត្ដេយ្យសហគមន៍ បានជួយដល់យុវជន និងធ្វើឱ្យសហគមន៍របស់គាត់កាន់តែមានភាពល្អប្រសើរជាងមុន។ គាត់បាននិយាយទៀតថា “ខ្ញុំលែងអៀនដូចមុនទៀតហើយ ហើយខ្ញុំមានទំនុកចិត្ដយ៉ាងខ្លាំង ក្នុងការបំពេញការងារឱ្យសហគមន៍” ។ បច្ចុប្បន្ន គាត់ក៏មានតួនាទីសំខាន់ នៅក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសុខភាព និងសកម្មភាពកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍។ រឿងរ៉ាវរបស់សុផល ដូចគ្នានឹងរឿងរ៉ាវរបស់មនុស្សជាច្រើននាក់ផ្សេងទៀតដែរ បង្ហាញឱ្យឃើញពីរបៀបដែលអក្ខរកម្មជួយឱ្យបុគ្គលម្នាក់ៗទទួលបានចំណេះដឹង ចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ បង្កើនទំនុកចិត្ដលើខ្លួនឯង និងមានផលជាវិជ្ផមានយូរអង្វែងលើសង្គមកម្ពុជា។

អត្ថប្រយោជន៍របស់សង្គមមួយដែលមានអក្ខរកម្មពេញលេញ ត្រូវបានស្ដែងចេញយ៉ាងជាក់ច្បាស់ ប៉ុន្ដែ បញ្ហាប្រឈមនៅតែមាន។ នៅក្នុងប្រទេសកម្ពុជា ជំរឿនប្រជាជនទូទាំងប្រទេសឆ្នាំ ២០០៨ បានកំណត់ឃើញថា អត្រាអក្ខរកម្មរបស់មនុស្សអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ មានកម្រិត ៧៧,៦%។ ខណៈពេលដែលតួលេខនេះ គឺជាតួលេខកើនឡើងពី ៦៧,៣% ដែលត្រូវបានវាស់វែងក្នុងជំរឿនឆ្នាំ ១៩៩៨ អត្រាអក្ខរកម្មវិជ្ផាជីវៈ (ដែលត្រូវបានគេឱ្យនិយមន័យថាជាសមត្ថភាពរបស់មនុស្សម្នាក់ក្នុងការអាន សរសេរ និងគណនា សម្រាប់ការអភិវឌ្ឍបុគ្គល ឬ សហគមន៍របស់ពួកគេ) ត្រូវបានវាស់វែងឃើញថាមានត្រឹមតែ ៣៧,១%ប៉ុណ្ណោះ នៅក្នុងឆ្នាំ ១៩៩៩ ដែលនេះបង្ហាញថា កម្រិតអក្ខរកម្មវិជ្ផាជីវៈអាចមានកម្រិតទាបជាងការវាស់វែងក្នុងជំរឿន ដែលតម្រូវឱ្យប្រជាពលរដ្ឋរាយការណ៍ដោយខ្លួនឯង។

បញ្ហាប្រឈមផ្នែកអក្ខរកម្មរបស់ប្រទេសកម្ពុជា ក៏ទាមទារឱ្យមានការកាត់បន្ថយគម្លាតនៃអត្រាអក្ខរកម្ម ក្នុងចំណោមក្រុមអាយុ និងក្រុមយេនឌ័រ (៨៥,១% សម្រាប់បុរស និង ៧០,៩% សម្រាប់ស្ដ្រី) រវាងប្រជាជននៅទីប្រជុំជន (៩០,៤%) និងជនបទ (៧៤%) និងក្នុងចំណោមជនជាតិដើមភាគតិច និងអ្នកដែលជួបប្រទះការលំបាកបំផុត។ ឧទាហរណ៍ នៅក្នុងខេត្ដរតនគីរី ដែលសម្បូរដោយជនជាតិដើមរស់នៅច្រើននាក់ ហើយមិននិយាយភាសាខ្មែរ អត្រាអក្ខរកម្មរបស់មនុស្សពេញវ័យមានត្រឹមតែ ៤៥,៩% ប៉ុណ្ណោះ ខណៈពេលដែលបញ្ហាអនក្ខរកម្ម គឺជាបញ្ហាដែលតែងកើតមានឡើង នៅតាមតំបន់ដាចស្រយាល ដែលប្រជាពលរដ្ឋមានការលំបាក នៅក្នុងការទទួលបានកិច្ចអន្ដរាគមន៍នានា។ អ្វីដែលកាន់តែគួរឱ្យមានការព្រួយបារម្ភទៀតនោះ ការកើនឡើងនូវ  អត្រាអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា ហាក់បីដូចជាមានសន្ទុះយឺតយ៉ាវ គួបផ្សំនឹងការដែលអនក្ខរជនភាគច្រើន គឺជាសមាជិករបស់ក្រុមដែលពិបាកទៅដល់ ដូចជា ជនជាតិភាគតិច ជនចំណាកស្រុក ឬជនពិការ។ តួលេខទាំងនេះគួរជាការអំពាវនាវជាបន្ទាន់មួយ ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានាចាត់វិធានការ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់ខ្លួន សំដៅបង្កើនអត្រាអក្ខរកម្មរបស់ជាតិ។

ដូច្នេះ តើប្រទេសនេះកំពុងធ្វើអ្វីខ្លះ ដើម្បីជំនះបញ្ហាប្រឈមទាំងនេះ? ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំសេចក្ដីព្រាងផែនការជាតិស្ដីពីការពន្លឿនអក្ខរកម្មនៅក្នុងប្រទេស (CLAP) ក្រោមកម្មវិធីអភិវឌ្ឍន៍ សមត្ថភាព សម្រាប់ការអប់រំសម្រាប់ទាំងអស់គ្នា (CapEFA) ដោយមានការគាំទ្រពីយូណេស្កូ។ ផែនការនេះមានគោលបំណងពន្លឿនការបង្កើនអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា សំដៅឈានទៅសម្រេចគោលដៅអក្ខរកម្មនៃការអប់រំសម្រាប់ទាំងអស់គ្នា (EFA) នៅក្នុងឆ្នាំ ២០១៥ តាមរយៈការកំណត់នូវអាទិភាព និងយុទ្ធសាស្ដ្រយ៉ាង ច្បាស់លាស់ សម្រាប់ផ្ដោតគោលដៅជាពិសេសលើការផ្ដល់សេវាដល់ក្រុមដែលជួបប្រទះការលំបាក។ បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំសេចក្តីព្រៀងផែនការនៅថ្នាក់ស្រុក និងថ្នាក់ខេត្ត ដោយផ្អែកលើ ផែនទីជាង ៥០០ ដែលបង្ហាញពីអត្រាអនក្ខរកម្ម និងចំនួនអនក្ខរជន ក្នុងគ្រប់ភូមិ ស្រុក និង ខេត្ដទាំងអស់។ តំណាងមកពីគ្រប់មន្ទីរអប់រំខេត្ដ និងការិយាល័យអប់រំស្រុកទាំងអស់ បានចូលរួម នៅក្នុងការបណ្ដុះបណ្ដាល    កសាងសមត្ថភាពជាច្រើនដង ស្ដីពីការវិភាគ និងការរៀបចំផែនការដោយផ្អែកលើភស្តុតាងជាក់ស្តែង ដោយមានកំណត់ពីអាទិភាពច្បាស់លាស់ ការប៉ាន់ប្រមាណចំណាយដែលមានលក្ខណៈប្រាកដនិយម ការប្រើប្រាស់ធនធានដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងការកៀងគរភាពជាដៃគូ។ នេះគឺជាសកម្មភាពដំបូង ក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការពីថ្នាក់ក្រោមជាតិមកថ្នាក់ជាតិ សម្រាប់ធ្វើការឆ្លើយតបទៅនឹងតម្រូវការដែលមិនទាន់បានបំពេញរបស់ក្រុម ដែលជួបប្រទះការលំបាកនៅក្នុងសហគមន៍។ អង្គការយូណេស្កូសង្ឃឹមថា ប្រទេសកម្ពុជាអាចក្លាយជាប្រទេសគំរូដ៏ល្អមួយ សម្រាប់ប្រទេសដទៃទៀតនៅអាស៊ី តាមរយៈបទពិសោធន៍រៀនសូត្រនេះ ខណៈពេលដែលយើងកាន់តែខិតទៅជិតឆ្នាំ ២០១៥ ដែលជាកាលបរិច្ឆេទកំណត់ ដើម្បីសម្រេចគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា។

គំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ក៏ត្រូវបានអនុវត្ដ ដើម្បីពន្លឿនវឌ្ឍនភាពនៃការអប់រំសម្រាប់ទាំងអស់គ្នា នៅ ក្រោមកម្មវិធីរបស់អង្គការយូណេស្កូនេះផងដែរ – ជាអាទិ៍ គម្រោងសាកល្បងសម្រាប់បង្កើតប្រព័ន្ធព័ត៌មានអប់រំក្រៅប្រព័ន្ធ (NFE) ការវាយតម្លៃលើតម្រូវការ និងសមត្ថភាព។ អង្គការយូណេស្កូ ក៏បាននឹងកំពុងធ្វើការងារដើម្បីឱ្យមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលខ្សោយមានសកម្មភាពឡើងវិញ ការពិនិត្យឡើងវិញលើគោលនយោបាយ និងការបង្កើនយន្ដការសម្របសម្រួលសម្រាប់អ្នកដែលធ្វើការងារពាក់ព័ន្ធនឹងការអប់រំក្រៅប្រព័ន្ធ។

ការលើកកម្ពស់អក្ខរកម្មដែលជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាពេញមួយជីវិត នឹងធ្វើអោយការអភិវឌ្ឍ ធនធានមនុស្សរបស់ប្រទេសកម្ពុជាមានភាពប្រសើរឡើង និងធ្វើអោយ មានផលវិជ្ផមានរយៈពេលវែងលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេស។

អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដោយសហការជាមួយនឹងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គម ស៊ីវិល កំពុងធ្វើការងារ ដើម្បីឈានទៅសម្រេចឱ្យបាននូវអក្ខរកម្មសម្រាប់ទាំងអស់គ្នា ដែលជាកម្លាំងចលករដ៏ សំខាន់មួយ ដើម្បីជម្រុញឱ្យមានការផ្លាស់ប្ដូរ។ យើងទាំងអស់គ្នាត្រូវធ្វើការងាររួមគ្នា ដើម្បីពន្លឿនការងារ អក្ខរកម្មរបស់យើង សំដៅសម្រេចឱ្យបាននូវសេចក្ដីសង្ឃឹមរបស់យើង ដែលចង់ឃើញការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខសន្ដិភាព និងនិរន្ដរភាព។

 

 Anne Lemaistre ជាតំណាងអង្គការយូណេស្កូនៅក្នុងប្រទេសកម្ពុជា

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងសកម្មភាពនានារបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា សូមមើល គេហទំព័ររបស់យើង ៖ www.unesco.org/phnompenh

Related Articles

Back to top button
Close
Close