ឯកឧត្តម ​ប៉ែន​ បូណា ៖ សេរីភាព​ និង​ការ​ទទួល​ខុស​ត្រូវ​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​គ្នា​បាន​ឡើយ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា សេរីភាព និងការទទួលខុសត្រូវ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។

ឯកឧត្តមបានលើកឡើងបែបនេះ បន្ទាប់ពីមានបងប្អូនអ្នកសារព័ត៌មានបានសួរលោកដោយយោងរបាយការណ៍របស់អង្គការបរទេសមួយដែលសរសេរថា សេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដោយទទួលបានចំណាត់ថ្នាក់ទាប។ អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតែងតែគាំទ្ររបាយការណ៍បែបនេះ។

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា បានបកស្រាយដូចតទៅ៖

«មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា “ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់»។ មាត្រានេះមានន័យគ្រប់គ្រាន់ក្នុងការធានាសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពផ្សេងទៀតឱ្យប្រព្រឹត្តទៅដោយរលូនក្នុងក្របខ័ណ្ឌច្បាប់ និងការទទួលខុសត្រូវ។ នេះគឺជាខ្នាតសម្រាប់វាស់វែង។

នៅលើពិភពលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យប្រើសិទ្ធិដោយមិនភ្ជាប់ជាមួយនឹងការទទួលខុសត្រូវឡើយ។ សូម្បីតែហ្វេសប៊ុកក៏មានកំណត់អំពីស្តង់ដាសហគមន៍ដែរ។ ប្រសិនបើយើងហ៊ានបំពាន សេរីភាពរបស់យើងនឹងត្រូវគេបិទខ្ទប់មិនខានឡើយ។ នៅកម្ពុជា រឿងដែលគួរឱ្យយកចិត្តទុកដាក់និងព្រួយបារម្ភគឺមិនមែនការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បញ្ហាធំបំផុតគឺការប្រើប្រាស់សិទ្ធិសេរីភាពមិនត្រឹមត្រូវដូចដែលច្បាប់បានកំណត់។

ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់ចំពោះអ្នកប្រើសេរីភាពដោយបំពានលើអ្នកដទៃមិនត្រូវចាត់ទុកការរឹតត្បិតសេរីភាពបញ្ចេញមតិឡើយ តែជាការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋទៅវិញទេ។ ចំណែកឯដំណើរការសារព័ត៌មានត្រូវបានកំណត់ដោយច្បាប់ស្តីពីរបបសារព័ត៌មានដែលកំពុងស្ថិតនៅជាធរមាន។ មានសារព័ត៌មានជាង២០០០ អង្គភាពកំពុងដំណើរការស្របតាមក្រមសីលធម៌វិជាជីវៈសារព័ត៌មាន និងច្បាប់កម្ពុជា។

និយាយពីភាពជាតំណាងរបស់ប្រជាពលរដ្ឋ ក្រៅពីការបោះឆ្នោតដែលជាដំណើរការប្រជាធិបតេយ្យដ៏ធំបំផុត ប្រជាពលរដ្ឋខ្មែរក៏អាចលើកបញ្ហានានាជូនដល់អាជ្ញាធរ ឬតំណាងរាស្ត្រដើម្បីដោះស្រាយ។ លើសពីនេះ ពួកគេអាចសំណូមពរដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រហូតដល់នាយករដ្ឋមន្ត្រីតាមរយៈបណ្តាញទំនាក់ទំនងសង្គម។

ដូច្នេះ សេរីភាពនិងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរពិតជាទូលំទូលាយយ៉ាងខ្លាំង។ បញ្ហាដែលត្រូវផ្តោតការយកចិត្តទុកដាក់នៅពេលនេះគឺការប្រើប្រាស់សេរីភាពដែលភ្ជាប់ដោយការទទួលខុសត្រូវពីព្រោះរបស់ពីរយ៉ាងនេះមិនអាចផ្តាច់ចេញពីគ្នាបានឡើយ»។

ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា បានស្នើឱ្យអង្គការសង្គមស៊ីវិលដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គួរគប្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយ និងអ្នកសារព័ត៌មានមួយចំនួន អំពីការទទួលខុសត្រូវដោយមិនត្រូវនិយាយតែពីសិទ្ធិរបស់ខ្លួនហើយបំភ្លេចចោលនូវការគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់របស់ប្រទេសនោះឡើយ។

ឯកឧត្តមបន្តថា ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់ជាមួយការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកបរយានយន្តដែលគ្មានហ្វ្រាំងនៅលើដងផ្លូវសាធារណៈនោះឡើយ។

ដូច្នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសំណូមពរសូមឱ្យរួមគ្នាដើម្បីកសាងសង្គមមួយដែលមានធនធានមនុស្សប្រកបដោយចំណេះដឹង ការទទួលខុសត្រូវ និងការគោរពច្បាប់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

 

Related Articles

Back to top button
Close
Close