ប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនជាង ១៣ម៉ឺននាក់ ក្នុងនោះ​ជនពិការគថ្លង់ និងពិការភ្នែកចំនួន១៨នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ​ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា ១ ៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៥មណ្ឌល ត្រូវជា ៣ ៨៦១បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីបាន​បន្ត​ថា ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនបានពិនិត្យនិងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៤១ ៣៧៩នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៣នាក់។ ក្នុងនោះដែរ មានជនពិការគថ្លង់ចំនួន ១២នាក់ និងពិការភ្នែក ៦នាក់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀតនឹងប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ហង់ជួន ណារ៉ុន បានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំនេះដូចនឹងការប្រឡងនៅឆ្នាំមុនៗផងដែរ គឺប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោល «អ្នកចេះជាប់»។

សូមជម្រាបថាក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃសិស្សានុសិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕

 

Related Articles

Back to top button
Close
Close