សម្តេច​ធិបតី ហ៊ុន​ ម៉ាណែត​ ​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​​ចូល​រួម​វេទិកា​ខ្សែ​ក្រវាត់​ និង​ផ្លូវ​នៅ​ទី​ក្រុង​ប៉េកាំង​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ​ដើម្បីឆ្ពោះទៅចូលរួមមេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីន​ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3 BRF) សម្រាប់កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានី​ប៉េ​កាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

អញ្ជើញអមដំណើរសម្ដេចធិបតី រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុ​ប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋា​ភិបាលកម្ពុជា និងថ្នាក់ដឹកនាំវិស័យឯកជនផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន​បរទេស​ដទៃទៀតផងដែរ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកា​ខ្សែ​ក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិត​ស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណ​ភាព​ខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​ក្នុងតំបន់​ និង​អន្តរជាតិ៕

 

Related Articles

Back to top button
Close
Close