ក្រោយរស់នៅនិរទេសខ្លួនអស់១៥ឆ្នាំ លោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញហើយ
សារព័ត៌មាន Cambodia News/
បាងកក៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរត្រឡប់មកដល់ប្រទេសថៃវិញហើយ បន្ទាប់ពីរស់នៅនិរទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង ១៥ឆ្នាំមកនេះ។
លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែល បានចាកចេញដំណើរពីប្រទេសសិង្ហបុរី។
ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន រាប់ពាន់នាក់ស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ លើសពីនេះក៏រួមមានវត្តមានរបស់ឥស្សរជនសំខាន់ៗ និងសមាជិកសភានៃគណបក្សភឿថៃ ក៏ដូចជាអ្នកកាសែតក្នុងស្រុក និងបរទេសនៅឯអាកាសយានដ្ឋានដែលមានការយាមកាមយ៉ាងតឹងរ៉ឹងនេះផងដែរ។
សូមជម្រាបថាលោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច បានចាកចេញពីប្រទេសថៃកាលពីឆ្នាំ២០០៨ ដើម្បីគេចពីការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ដែលលោកផ្ទាល់ចាត់ទុកថាមានចេតនានយោបាយ៕ (ប្រភព៖ AFP)