សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមាន រំលឹកដល់អ្នក​ទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា លោក​ ហ្សាក់ ប៉ឺ​ឡេ​ (J​a​cqu​e​s ​Pellet​) អញ្ជើញសម្ពោធដាក់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់​មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល​បាន​ពលី​ជីវិត​នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ​រួម​គ្នា​រវាង​ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ​ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង​លោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។

នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម​លោក​លើក​ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល​ត្រូវ​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន​អនុញ្ញាត​ឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​បាន​ប្រកាស​ជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២។

វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋ​លេ​ខាធិការ​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ​អនុវត្ត​ជា​មួយក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នក​ដែល​ទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថា​បត្យ​កម្មសហរចនាបថ ដោយរួម​បញ្ចូលនូវផ្នត់គំនិត​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ជា​ច្រើនសម័យកាល តាំងពីសម័យ​អង្គរដល់សម័យក្រោយអង្គរ។ ចំណុច​ពិសេស​​បំផុតនោះគឺ វិមាននេះមាន​ទស្សនៈ​មួយ​ភាគធំដូចគ្នាទៅនឹង​ប្រាសាទ​នាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។

លោបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាន​នេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាព​ដ៏ហាន​ក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្ម​ដ៏រឹង​មាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការ​យកចិត្តទុក​ដាក់​របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យ​ក្រុម​គ្រួ​សា​រ​យុទ្ធ​ជន​ដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយ​ក៏ជា​ការរៀបចំឱ្យ​សម​នឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។

វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ៕

Related Articles

Back to top button
Close
Close