សម្តេចតេជោ ហ៊ុន សែន​ ផ្ដាំទៅក្រុមប្រឆាំងថា «បើអ្នកឯងចិត្តសឿងសុំកុំទៅបោះឆ្នោត»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ផ្ដាំទៅ​ក្រុម​ប្រ​ឆាំង​ថា​បើ​ពួក​គេ​ចិត្ត​សឿង​សូម​កុំទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះ​ថា​ទៅ​មុខ​ទៀត​អ្នក​ដែល​មិន​បាន​ចេញ​ទៅ​បោះ​ឆ្នោត​និង​គ្មាន​សិទ្ធិឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​នោះទេ

ថ្លែង​ក្នុង​ពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេច​តេជោ ហ៊ុន សែន បានជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលកំណត់ថា អ្នក​ដែល​មិន​បាន​ចេញ​ទៅ​បោះ​ឆ្នោត​នឹង​គ្មាន​សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនាពេលខាងមុខនោះទេ។

សម្ដេចតេជោបានលើកឡើងថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ត្រង់​នឹង​យុទ្ធនាការ​របស់​ក្រុម​ប្រឆាំង​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស​បំផុសបំផុលឲ្យសមាជិកសកម្មជនរបស់ខ្លួនកុំចេញទៅបោះឆ្នោត។

បើតាមសម្ដេចតេជោ ការមិនទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នឹង​ធ្វើប៉ះពាល់ទៅដល់​សិទ្ធិក្នុងការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ រួមទាំងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៨ ផងដែរ។

សម្ដេចសង្ឃឹមថា វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនឹងត្រូវបានរៀបចំនិងអនុម័តរួចមុនយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខ៕

Related Articles

Back to top button
Close
Close