ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ការឧបត្ថម្ភថវិកាជូនកីឡាការិនី ប៊ូ សំណាង ជារង្វាន់ដែលគាត់ខិតខំប្រឹងប្រែង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ជាអនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានលើកឡើងថា «ការជូនថវិកាឧបត្ថម្ភជូនកីឡាការិនី ប៊ូ សំណាង មិនមែនដោយសារគាត់ចាញ់នោះទេ ប៉ុន្តែការជូនរង្វាន់នេះអំពីការប្រឹងប្រែង ចរិតមិនចុះចាញ់ មានន័យថា ធ្វើ​អ្វី​មួយ​ឲ្យ​ដល់​ទិសដៅ»។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុង​ឱកាស​អនុញ្ញាត​ឲ្យកីឡាការិនី​អត្តពលកម្មកម្ពុជារត់ចម្ងាយ៥,០០០ម៉ែត្រ ប៊ូ សំណាង ចូលជួប និងផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត នៅទីស្តីការក្រសួងព័ត៌មាន ដោយរួមដំណើរមកជាមួយលោក ដាំ ភិរម អនុប្រធានសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា។

កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុង​អំឡុង​ពេល​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ៥,០០០ម៉ែត្រ នៅ​ពហុកីឡ​ដ្ឋាន​ជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀង ប៉ុន្តែនាង​តស៊ូរត់រហូតដល់ទីដោយមិនបោះបង់ការប្រកួត។

ជាមួយគ្នានេះ កីឡាការិនី ប៊ូ សំណាង ដែលទទួលបានការគាំទ្រ អាណិតអាសូរនូវការតស៊ូពុះពារ ក្នុង​ការ​លំបាក​នេះ​បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ និងរំភើបចិត្តជាខ្លាំងចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង​ព័ត៌​មាន​ជា​ច្រើន​រូប និងសប្បុរសជននានា ដែលផ្តល់ថវិកាលើកទឹកចិត្តដល់រូបនាង៕

Related Articles

Back to top button
Close
Close