លោកស្រីគ្លីនតុននិងនយោបាយក្រៅប្រទេសអាមេរិកនៅឥណ្ឌូនេស៊ី
លោកស្រី ហ៊ីលឡារី គ្លីនតុន អញ្ជើញទៅអាស៊ី ក្នុងដំណើរទៅចូលរួមជំនួប កំពូលអាស៊ី-ប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។ ក្រោយពីកោះឃូកនៅថ្ងៃអាទិត្យនិងថ្ងៃ អង្គារនៅប្រទេសចិន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអញ្ជើញទៅប្រទេស ឥណ្ឌូនេស៊ីនៅ ថ្ងៃចន្ទទី៣កញ្ញានេះ ដោយខិតខំបង្ហាញឲ្យឃើញនូវ អានុភាពអាមេរិកនៅចំពោះមុខមហិច្ឆតាចិននៅក្នុងតំបន់។ ក៏ប៉ុន្តែមកទល់ ពេលនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រកាន់នយោបាយរក្សាជំហរតុល្យភាពរវាង មហាអំណាច ទាំងពីរ។
ប្រទេសឥណ្ឌុនេស៊ីប្រកាន់យកនយោបាយ “រក្សាសមតា” រវាងមហាយក្សចិន និង មហាយក្សអាមេរិក។ នេះហើយជាគោលការណ៍នយោបាយក្រៅប្រទេសដែល ប្រកាន់យកដោយរដ្ឋមន្ត្រីក្រសួងការរទេសឥណ្ឌូនេស៊ី។ នយោបាយ “រក្សា សមតា” នេះគឺជានយោបាយដែលច្របាច់បញ្ចូលនូវភាពប្រុងប្រយ័ត្ន និងឱកាស និយម ហើយដែលលោកប្រធានាធិបតីឥណ្ឌូនេស៊ីSusilo Bambang Yudhoyono បានសង្ខេបបង្រួមថា “ប្រទេសឥណ្ឌូនេស៊ីចង់បានបច្ចាមិត្តសូន្យ ក៏ប៉ុន្តែមាន មិត្តមួយលាន”។
ចាប់តាំងពីសន្និសីទនៅទីក្រុងបានឌុងនៅឆ្នាំ១៩៥៥ ដែលគេបានចាប់បង្កើត ចលនាពិភពលោកមិនចូលបក្សសម្ព័ន្ធមក ទីក្រុងហ្សាការតាពុំដែលបានបោះ បង់ ចោលទ្រឹស្ដីនេះឡើយ។ កាលនៅសម័យនោះ លោកខាងលិចក៏ពួកគេពុំចូល ហើយប្លុកលោកកុម្មុយនិស្តក៏ពួកគេពុំចូល។ ហើយបច្ចុប្បន្ននេះ ពួកគេក៏ពុំចូល ដៃចូលជើងជាមួយមហាប្រទេសចិននិងសហរដ្ឋអាមេរិកក្នុង ការប្រកួតប្រជែងនៅ ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិកឡើយ។
នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដឹងខ្លួនពីតួនាទីនិងទម្ងន់សារៈសំខាន់ របស់ខ្លួននៅក្នុងតំបន់ អាស៊ី-អាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីដែលចែចង់ដោយ ទីក្រុងប៉េកាំងផង និងដោយទីក្រុងវ៉ាស៊ីនតោនផង ក៏ឆ្លៀតឱកាសចាប់ទិញ យន្ត ហោះពីសហរដ្ឋអាមេរិក ហើយនិងកាំជ្រួចមីស្ស៊ីលពីប្រទេសចិន ដើម្បីពង្រឹង សមត្ថភាពយោធារបស់ខ្លួន។
ហើយចាប់តាំងពីឆ្នាំ២០១០មក ប្រទេសឥណ្ឌូនេស៊ីបានក្លាយទៅជា “ដៃគូ ពិសេស” របស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីក៏ជា “ដៃគូយុទ្ធ សាស្ត្រ”មួយដ៏សំខាន់ដែរសម្រាប់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៥មក៕ដោយ សៀក សារិន (RFI)