អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាចចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសបើកចុះឈ្មោះសម្រាប់អ្នកសារព័ត៌មានក្នុងស្រុក និងបរទេស និងការធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចង់យកព័ត៌មានកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អាចចុះឈ្មោះបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តាមរយៈគេហទំព័រ https://seagames2023media.inb.gov.kh ។
អ្នកសារព័ត៌មានដែលចាប់អារម្មណ៍តម្រូវឱ្យភ្ជាប់មកជាមួយដូចខាងក្រោម៖
- រូបថត 4 x 6 ជាទម្រង់ (.jpg)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- ប័ណ្ណសារពត៌មានដែលមានសុពលភាព
- លិខិតប្រគល់ភារកិច្ច (លិខិតបេសកកម្ម)
អ្នកសារព័ត៌មានដែលគ្មានលិខិតឆ្លងកាត់ដែលចេញដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) មិនត្រូវបានអនុញ្ញាតឱ្យចូលទៅគ្រប់កន្លែងប្រកួត និងមជ្ឈមណ្ឌលសារព័ត៌មានធំឡើយ។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕