គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ព្រំដែនរវាងតួកគី និងស៊ីរី
សារព័ត៌មាន Cambodia News/
អង់ការ៉ា៖ គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ព្រំដែនរវាងតួកគី និងស៊ីរី កាលពីថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញ មនុស្សយ៉ាងហោច៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស តែជាងពីរសប្ដាហ៍ប៉ុណ្ណោះក្រោយគ្រោះរញ្ជួយដីមួយបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ជួយថ្មីខាងលើមានចំណុចរំញ័រនៅក្នុងខេត្តហាតៃ (Hatay) ស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេសតួកគី និងមានជម្រៅទៅក្នុងដី ២គីឡូម៉ែត្រ។
រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក ស៊ូឡៃម៉ាន សយលូ (Suleyman Soylu) ក៏បានបញ្ជាក់ដែរថា មនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និងជាង២០០នាក់បានរងរបួស ដោយសារគ្រោះរញ្ជួយដីនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ និង៧.៦រ៉ិចទ័រ ដែលបានវាយប្រហារលើភាគអាគ្នេយ៍ប្រទេសតួកគី និងប្រទេស ស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ បានកើនដល់លើស ៤៧,០០០នាក់ហើយ និងជាងមួយលាននាក់បាត់បង់ផ្ទះសម្បែង ព្រមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ៕