ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD។
សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ការសម្រេចលុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD)នេះ ក្រោយសម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះ ធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះលោក ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ៕