ស្ថាប័នជាតិចំនួន២ ប្រកាស​ចាត់​វិធាន​ការ​​​តាម​ផ្លូវច្បាប់​លើការ​ផ្តល់​ឥណ​ទាន​ខុស​ច្បាប់

​សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ តាមសេចក្ដីថ្លែងការណ៍រួមរបស់ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ​ចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ និងផ្តល់ឥណទាន និង​ហិរញ្ញ​វត្ថុ​ដោយ​គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា ថ្មីៗនេះសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវ​ការ​ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា ធ្វើឱ្យសាធារណជនភាន់ច្រឡំ និង​បង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុ ពីអ្នកខ្ចីប្រាក់បណ្តាលឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ កត្តាទាំងនេះបានជះឥទ្ធិពល ដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្ត របស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជាមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់៕

Related Articles

Back to top button
Close
Close