រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទីប្រពន្ធ័ផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា
សារព័ត៌មាន cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា (CCJ) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទីប្រពន្ធ័ផ្សព្វផ្សាយ និង ការបោះឆ្នោតនៅកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិភាគបរិបទ និងដំណើរការបោះឆ្នោតនៅកម្ពុជា។
ថ្លែងនៅក្នុងសិក្ខាសាលានេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បីអោយសង្គមប្រជាធិបតេយ្យមួយដើរទៅមុខបានទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមពីអ្នកសារព័ត៌មានអាជីព។
ឯកឧត្តមបន្តថា តួនាទីអ្នកសារព័ត៌មាន ឯករាជ្យ សេរី និងវិជ្ជាជីវៈ គឺពិតជាសំខាន់ណាស់ព្រោះអ្នកសារព័ត៌មានជាអ្នកផ្តល់នូវចំណេះដឹង ដំណឹង សព្វបែបយ៉ាងទៅដល់ប្រជាពលរដ្ឋដែលព័ត៌មានទាំងអស់នោះ នឹងក្លាយជាធាតុចូលសំខាន់ មុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។
ឯកឧត្តមបន្តទៀតថា ដើម្បីអោយអ្នកសារព័ត៌មាន មានសមត្ថភាពគ្រប់គ្រាន់ជួយដល់សង្គមបាន លុះណាតែអ្នកសារព័ត៌មានទាំងនោះ ចេះអភិវឌ្ឍន៍ចំណេះដឹងទាំងផ្នែកច្បាប់ ក្រមសីលធ៌មវិជ្ជាជីវៈ និងយល់ដឹងពីបរិបទជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការ នៃបោះឆ្នោតនៅកម្ពុជា និងតួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត និងលើកកម្ពស់សមត្ថភាពវិភាគបរិបទ និងដំណើរការបោះឆ្នោតនៅកម្ពុជា។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន ត្រូវដឹងមានផែនការជាមុន ក្នុងការយកព័ត៌មានស្តីពីការបោះឆ្នោតក្នុងន័យជៀសវាងការផ្សាយព័ត៌មានមិនច្បាស់ ឬស្រពិចស្រពិល ដូច្នេះមានតែសារព័ត៌មានអាជីពតែប៉ុណ្ណោះ ដែលអាចជួយដល់សង្គមបាន កុំអោយមានការផ្សាយព័ត៌មានលំអៀងខ្លាំងពេក ដែលនាំមានចលាចល ដល់សង្គមនៅក្នុងអំឡុងពេលបោះឆ្នោត។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ និងមកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប., ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ពនិងអនឡាញ ១៥ អង្គភាព, វិទ្យុ ៣អង្គភាព ទូរទស្សន៍ ៣អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកលវិទ្យាល័យ ១អង្គភាព។
សូមបញ្ជាក់ថា សិក្ខាសាលារបស់យើងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ ក្នុង នារី១៦នាក់ និងមកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប., ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ពនិងអនឡាញ ១៥ អង្គភាព, វិទ្យុ ៣អង្គភាព ទូរទស្សន៍ ៣អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកលវិទ្យាល័យ ១អង្គភាព៕