ក្រសួងអប់រំ បញ្ចប់ទាំងស្រុងនូវដំណើរការ កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអបរំ យុវជន និងកីឡា បានបញ្ចប់ទាំងស្រុងនូវដំណើរការកំណែមុខវិជ្ជាទាំង១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ធ្នូ ២០២២ ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងបានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកឯកសារផ្សេងៗ មករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុក។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនសរុបចំនួន១២៨,១៣៥នាក់ ស្រី៦៨,៧៧១នាក់, មណ្ឌលប្រឡង២២១, និងត្រូវជា ៥១៧៤បន្ទប់។
តាមការគ្រោងទុកលទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ផងដែរ៕