សាកលវិទ្យាល័យ AUPP ទទួលបានការរៀបចំកម្មវិធី អ្នកដឹកនាំវ័យក្មេងអាស៊ានឆ្នាំ២០២២

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ ៖ ​​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP នៅព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ នេះបានទទួល​ការ​រៀប​ចំ​កម្មវិធី អ្នក​ដឹកនាំវ័យក្មេងអាស៊ានឆ្នាំ២០២២ (ASEAN Young Leaders Program 2022) ​ដែល​មាន​ការ​អញ្ជើញចូល​រួម​ជា​អធិបតី​ភាព​​ពី ​ឯក​ឧត្តម​បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

​ក្នុង​ឱកាសអញ្ជើញជាអធិបតីភាព​នេះដែរ​​ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​សម្តែង​នូវ​ការកោតសសើរចំពោះកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន និងសាកលវិទ្យាល័យ AUPP សម្រាប់​គំនិត​ផ្តួច​ផ្តើម​និង​រៀប​ចំ​ព្រឹត្តិ​ការណ៍ដ៏មានសារៈសំខាន់​ ​ក្នុង​តំបន់​អាស៊ាន​ និងយុវជនកម្ពុជា។​នៅថ្ងៃនេះ។

​ឯក​ឧត្តម​បណ្ឌិត បន្ត​ថា​ ចំណុច​អាទិភាព​មួយក្នុង​ចំណោមអាទិភាព​សំខាន់​បំផុតរបស់​អាស៊ាន​នៅពេ​ល​នេះ​គឺការរៀប​ចំអ្នកដឹក​នាំ​សម្រាប់ថ្ងៃអនាគត​ ដើម្បីអភិវឌ្ឍផ្នត់​គំនិតភាពជាអ្នកដឹកនាំ បណ្តាញទំនាក់ទំនង និង​ស្វែង​យល់​អំពីវប្បធម៌ក្នុងតំបន់ ហើយ​នេះ​គឺ​ជា​លើកទីមួយសម្រាប់ការរៀបចំកម្មវិធីដ័ល្អនេះ ដែល​កម្មវិធីនេះ​ធ្លាប់បាន​ធ្វើឡើង​នៅក្នុងប្រទេសសិង្ហបុរី ដូច្នេះ​ហើយ​កម្ម​វិធី​នេះ​គឺ​ធ្វើឡើងជាលើកដំបូងនៅកម្ពុជា ដែល​កំពុង​ដំណើរការ​នៅ​សាកលវិទ្យាល័យ AUPP នាពេល​នេះ ។

ឯក​ឧត្តម​បណ្ឌិត ក៏​បាន​លើក​ឡើង​ថា យុវជនគឺជា​ទ្រព្យសម្បត្តិរបស់​ប្រទេសជាតិ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​នា​ពេល​អនាគត​ ពួក​គេអាច​ដឹកនាំ​ប្រទេស​មួយ​ឱ្យមាន​ភាពរុងរឿង​ និង​រីកចម្រើន​បាន​​ក្នុង​យុគសម័យ​ឌីជីថល​ភាវូបនីយ​កម្ម ​យុវជន​គឺ​ជា​អ្នក​រៀន​ដ៏​រហ័ស​រហួន ហើយ​ប្រព័ន្ធឌីជីថល​ឥឡូវនេះ​ត្រូវ​បាន​ប្រើប្រាស់​ជាមធ្យោបាយ​សម្រាប់​យុវជនដើម្បីចូលរួមក្នុងកិច្ចសន្ទនានយោបាយ ប្រជាពលរដ្ឋ និងសង្គម។

​គូរបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បាន​សហការណ៍ជាមួយ នឹង​អង្គការ​ Common Purpose ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាកក្រុម​ប្រឹក្សាយុវជន​ប្រទេស​សិង្ហបុរី ក្នុងការ​រៀប​ចំ​កម្ម​វិធី​អ្នក​ដឹក​នាំ​វ័យ​ក្មេងអាស៊ានឆ្នាំ២០២២ ​ចាប់ពី​ថ្ងៃទី​១២​ ដល់​ថ្ងៃទី​១៤ ​ខែតុលា ឆ្នាំ​២០២២នេះ ​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា AUPP ដែល​មាន​ការ​ចូល​រួម​​ពី​​យុវជន​ចំ​នួន​ប្រមាណ​​១៥០រូប​ ដែល​មានអាយុ​ចាប់​ពី​១៨ឆ្នាំ​ ដល់​២៥ឆ្នាំ​ មក​ពី​ប្រទេស​នានាក្នុង​តំបន់​អាស៊ាន​ ដើម្បី​ពិភាក្សាលើ​ប្រធាន​បទ​ដែល​ពាក់​ព័ន្ទ​ ជាពិសេសគឺការ​កើន​ឡើង​នៃ​ឌីជីថល។

ការ​រៀប​ចំ​កម្ម​វិធី​​អ្នក​ដឹក​នាំ​វ័យ​ក្មេងអាស៊ានឆ្នាំ២០២២ នេះ​ឡើង​គឺ​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ពី​សំ​ណាកសាកលវិទ្យាល័យ​ល្បី​នៅ​កម្ពុជា​ក្នុង​ការ​ជំរុញ​ដល់​និសិត្សកម្ពុជា​គ្រប់​រូប​មាន​ឱកាស​អភិវឌ្ឃសមត្ថភាព​ជំនាញ​ដឹក​នាំ​ ពិសេស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ ដែល​កំ​ពុង​ប្រឈម​ក្នុង​តំ​បន់​៕ ដោយ​ ៖ ហេង នាង​

Related Articles

Back to top button
Close
Close