លោក ឆាយ សុផល គោរពប្រគល់សៀវភៅជូនសម្តេចតេជោ ហ៊ុន សែន ចំនួនមួយពាន់ច្បាប់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 19, 2022/
ភ្នំពេញ ៖ លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នូវសៀវភៅដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្រ្តី – ដំណើរឆ្ពោះទៅបន្តវេន – ហ៊ុន ម៉ាណែត» ចំនួន១.០០០ច្បាប់ សម្រាប់ សម្តេច ទុកចែក តាមតម្រូវការ។
ឆ្លៀតឱកាសនោះដែរ លោក ឆាយ សុផល ក៏បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ឱកាសឱ្យលោកបានចងក្រងសៀវភៅនេះឡើង ហើយថា បើទោះជា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មមាញឹកយ៉ាងណាក៏ដោយនាពេលកន្លងមក ក៏ សម្តេចបានឆ្លៀតពេលវេលាដ៏មានតម្លៃផ្តល់ព័ត៌មានផ្សេងៗទាក់ទិននឹងលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើឱ្យសៀវភៅនេះមានខ្លឹមសារកាន់តែរស់រវើក និងមានលក្ខណៈជាប្រវត្តិសាស្រ្តនៃមនុស្សជាតិ។
លោក ហ៊ុន ម៉ាណែត ផងដែរ ដែលបានចំណាយពេលដ៏មានតម្លៃឆ្លៀតប្រាប់ព័ត៌មានមួយចំនួន ទាក់ទិននឹងលោកផ្ទាល់ក៏ដូចជាទស្សនវិស័យនាពេលអនាគត។
បើតាមការបញ្ជាក់របស់អ្នកនិពន្ធ ឆាយ សុផល គឺលោក ហ៊ុន ម៉ាណែត បើទោះជាមានលក្ខណៈខ្លះមិនដូចពុក ក៏មានចំណុចភាគច្រើនដូចពុកដែរ គឺអាចនិយាយបានថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។
អ្នកនិពន្ធ ឆាយ សុផល បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ដោយសរសេរថា៖ «ពូគិតថា ម៉ាណែត មានចរិតខុសពីពូខ្លះ នៅក្នុងភាពជាអ្នកដឹកនាំ ដែលគេមិនអាចមានភាពគេហៅថា របៀបដាច់ណាត់ម៉ឺងម៉ាត់ដូចពូទេ។ គេអាចនៅសង្កេត។ បច្ចុប្បន្ននេះ គេអាចនៅមានការគិតគូរ ហើយដែលអាចមានការអូសបន្លាយ មានការពន្យារពេលលើការធ្វើការសម្រេចចិត្ត។ ប៉ុន្តែចំណុចខ្លះក៏មានលក្ខណៈដូចពូ គឺរបៀបការវិភាគ វាយតម្លៃសភាពការណ៍ និងរបៀបនិយាយ។ ប៉ុន្តែរបៀបការធ្វើសេចក្ដីសម្រេច និងដាក់ចេញនូវបទបញ្ជា គឺយើងរង់ចាំមើល ម៉ាណែត ក្រោយពីក្លាយទៅជានាយករដ្ឋមន្ត្រី។ អាហ្នឹងគឺយើងនឹងពិនិត្យនៅពេលនោះ។ បើពេលនោះ គេមិនដាច់ណាត់ មិនរហ័សរហួនក្នុងការធ្វើសេចក្ដីសម្រេចចិត្ត គេនឹងអាចក្លាយទៅជា [អ្នកមាន] ចំណុចខ្សោយ»។
សម្តេចតេជោ បានប្រាប់អ្នកនិពន្ធទៀតថា៖ «ពូសង្កេតឃើញតាំងពីតូច ម៉ាណែត ជាបងដែលផ្ដល់ឱ្យប្អូនៗនូវការគោរព ហើយការគោរពនេះ មិនមែនដោយសារ ម៉ាណែត គឺជាបង ដោយធ្វើបាបប្អូនៗនោះទេ ក៏ប៉ុន្តែគឺចរិតរបស់ ម៉ាណែត ជាចរិតដែលធ្វើឱ្យប្អូនៗមានការគោរព។ បងប្អូនជីដូនមួយក៏មានការគោរព ដោយសារ ម៉ាណែត បានកាន់ចរិត ឫកពា ជាក្មេងដែលមានចរិតលក្ខណៈ ដែលអាចថា ក្នុងចំណោមបងប្អូនទាំងអស់ ទោះបីគេមានអាយុច្រើនជាង ម៉ាណែត បន្តិចក៏ដោយ ក៏ប៉ុន្តែគេហាក់ដូចជាបានទទួលស្គាល់ ម៉ាណែត ថា ជាមេរបស់គេ នៅក្នុងចំណោមហ្នឹង។ រឿងនេះ វាដូចជាទទួលមរតកពីខ្ញុំ អ៊ីចឹង។ ទៅកន្លែងណាក៏ដោយ ក៏បងប្អូនតែងតែមានការផ្តល់តម្លៃ។ ហ្នឹងគឺជាចំណុចល្អរបស់ ម៉ាណែត តាំងពីតូច ដែលធ្វើឱ្យប្អូនៗរបស់គេគោរពតាំងពីតូច រហូតមកដល់ពេលនេះ គឺនៅតែមានជាការគោរព…..គឺតាំងពីតូចរហូតដល់ធំ។ ហ្នឹងជាចំណុចល្អ»។
បន្ថែមពីលើនេះ អ្នកនិពន្ធ ឆាយ សុផល ក៏បានដកស្រង់សម្ដីឯកឧត្តម ហ៊ុន ម៉ាណែត ដោយនិយាយថា ឯកឧត្តមបានចាត់ទុកឪពុកថា «ជាជនគំរូ» របស់ខ្លួន ព្រោះថា «ពុកជាមនុស្សដែលបានឆ្លងកាត់ តាំងពីជាកូនទាហានទៅជាអ្នកដឹកនាំកម្លាំងរំដោះជាតិ រហូតគាត់បានក្លាយជាអ្នកដឹកនាំកំពូលរបស់ប្រទេស។ នេះជាការខិតខំប្រឹងប្រែងរបស់គាត់»។
លោក ម៉ាណែត បានប្រាប់អ្នកនិពន្ធថា៖ «មាន៣ចំណុចសំខាន់ៗដែលខ្ញុំចេះចាំពីពុក គឺទី១. ត្រូវគិតគូរដល់ប្រជាជនជាធំ ដោយឈរខាងប្រជាជន និងគ្រប់ពេលវេលា។ ទី២. គិតពីប្រយោជន៍ជាតិជាធំ និងគ្រប់ពេល និងទី៣. ហ៊ានធ្វើហើយធ្វើឱ្យពិតប្រាកដ និងច្បាស់លាស់ ហើយហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពរបស់ខ្លួន។ ចំណែកម៉ែវិញ ក៏មិនខុសពីពុកដែរ គឺគាត់តែងតែប្រាប់កូនៗឱ្យធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ»។
«ពុក និង ម៉ែតែងផ្តាំថា កុំតាំងខ្លួនជាកូនលោកធំ កុំតាំងខ្លួនថា ជាកូននាយករដ្ឋមន្រ្តី ហើយកុំមានចរិតឆ្មើងឆ្មៃ តែត្រូវដាក់ខ្លួន ដោយតាំងខ្លួនថា ជាចៅកសិករ ព្រោះពូជពង្សវង្សត្រកូលរបស់យើង គឺមិនមែនកើតចេញពីវណ្ណៈអភិជនទេ។ ការរាប់មនុស្ស មិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ ព្រោះទ្រព្យសម្បត្តិ និងតួនាទីអាចបាត់បង់នៅពេលណាមួយ ប៉ុន្តែទឹកចិត្តល្អ និងការរាប់អានរបស់មនុស្សនៅយូរអង្វែង។ ពុកម៉ែតែងតែរម្លឹកថា កូនៗត្រូវខំរៀន កុំដើរលេងឥតប្រយោជន៍ ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និងប្រទេសជាតិ»។ នេះបើតាមសំណេរនៅក្នុងសៀវភៅ។
ជាងនេះទៅទៀត ម៉ាណែត បានប្រាប់អ្នកនិពន្ធ ឆាយ សុផល ពីការប្តេជ្ញាចិត្ត ដើម្បីតបស្នងសងគុណចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត «ជ្រើសរើសរូបខ្ញុំជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនពី សម្តេចតេជោ ខ្ញុំមានតែការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីចូលរួមថែរក្សាសមិទ្ធិផលវិជ្ជមានទាំងអស់នេះ ដែលគណបក្សសម្រេចបាន ក៏ដូចជាការបន្តនូវបុព្វហេតុរបស់គណបក្ស ដើម្បីជាតិ និងប្រជាជន តាមរយៈការកសាងបន្ថែមនូវសមិទ្ធិផលវិជ្ជមានជូនជាតិ និងប្រជាជន”។
សូមបញ្ជាក់ថា សៀវភៅថ្មី «កូនប្រុសច្បងនាយករដ្ឋមន្រ្តី – ដំណើរឆ្ពោះទៅបន្តវេន – ហ៊ុន ម៉ាណែត» ដែលផ្តោតលើប្រវត្តិជីវិត និងការងាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តី ត្រូវបានបោះពុម្ពចំនួន២ម៉ឺនច្បាប់រួចរាល់នៅពាក់កណ្តាលខែសីហានេះ។
នៅក្នុងឱកាសនោះដែរ លោក ឆាយ សុផល ក៏បានថ្លែងអំណរគុណចំពោះ សម្តេតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ និងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលបានគាំទ្រឱ្យមានសៀវភៅនេះឡើង។
បើតាមលោក ឆាយសុផល សៀវភៅមានដាក់នៅតាមបណ្ណាល័យខ្លះ និងបណ្ណាគារខ្លះ ព្រមទាំងចែកជូនសាកលវិទ្យាល័យមួយចំនួន និងយុវជន និស្សិតនៅរាជធានី-ខេត្ត ដើម្បីស្វែងយល់ពីអ្នកបន្តវេន៕