សម្ដេចតេជោ ផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះប្រកួតកីឡាប៉ារ៉ាហ្គេម និងស៊ីហ្គេមនៅឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ July 11, 2022/
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញព្រឹកថ្ងៃទី១១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍៤ចំណុចដល់ស្ថាប័នពាក់ព័ន្ធដើម្បីយើងត្រៀមធ្វើម្ចាស់ផ្ទះប្រកួតកីឡាប៉ារ៉ាហ្គេម និងស៊ីហ្គេមនៅឆ្នាំ២០២៣បានជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចសូមដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួន ពោលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ៖
ទី១. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស(GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម ។ ទន្ទឹមនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន ។
ទី២.សម្តេចសូមអំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ “ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ” “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ” “ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់ក្នុងសន្តិភាព” ឱ្យបានផុសផុល ទាំងក្នុង និងក្រៅប្រទេស ។
ទី៣ . សម្តេចសូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ។
ទី៤. សម្តេចសូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបាន ជោគជ័យ៕