សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា សម្រាប់និស្សិត៣ជំនាន់ ឆ្នាំសិក្សា២០២០ ២០២១ និង២០២២
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 4, 2022/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានរៀបចំពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាជូននិស្សិត ដែលបានបញ្ចប់ការសិក្សា៣ជំនាន់គឺនៅឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ក្រោមវត្តមានបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងលោក លឹម តារារិទ្ធ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន AUPP Co. Ltd Group ។
ការប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានេះ គឺជាការប្រារព្ធពិធីជាលើកដំបូងបង្អស់របស់សាកលវិទ្យាល័យ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ អស់រយៈពេល ២ឆ្នាំកន្លងមកនេះ។ ក្នុងកម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៥០០នាក់ ដោយក្នុងនោះមាននិស្សិតដែលបានបញ្ចប់ការសិក្សាចំនួន ២៦៥នាក់ ដែលបានទទួលសញ្ញាបត្រលើមុខជំនាញផ្សេងៗដូចជា ផ្នែកកិច្ចការសកល ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ផ្នែកច្បាប់ ផ្នែកធុរកិច្ច ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ច ផ្នែកសំណង់ស៊ីវិល និងផ្នែកស្ថាបត្យកម្មផងដែរ។ ទន្ទឹមនឹងនេះ AUPP ក៏មាននិស្សិតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ច ដំបូងបង្អស់ចំនួន ១រូប។
ត្រឹមតែរយៈពេល ៩ឆ្នាំប៉ុណ្ណោះនៃការបង្កើតឡើងនូវសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យសម្រេចបាននូវសមិទ្ធផលជាច្រើន ក៏ដូចជាបានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានសមត្ថភាពជាច្រើនរូប ដើម្បីជាសសរទ្រូង របស់ប្រទេសកម្ពុជានៅថ្ងៃអនាគត។ ជាមួយនឹងគោលបំណង និងចក្ខុវិស័យដ៏វែងឆ្ងាយ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ជឿជាក់យ៉ាងមុតមាំថា និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងជំនាញដែលទទួលបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបំពេញនូវចំណុចខ្វះខាតទាំងឡាយនៃកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោក លឹម តារារិទ្ធ ប្រធានអគ្គនាយកប្រតិបត្តិនៃអេយូភីភីគ្រុប បានថ្លែងថា៖នេះជាកិត្តិយសសម្រាប់AUPP Co. Ltd Groupទាំងមូល ដែលក្នុងនោះរួមមានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញAUPP, AUPP High School – Foxcroft Academy និង AUPP Technology Center ព្រមទាំងសា្ថប័នផ្នែកសុខាភិបាលគឺមន្ទីរពេទ្យ The Prestige Hospital ។
លោកបានបន្ថែមថា៖ថ្ងៃនេះពិតជាថ្ងៃដ៏សំខាន់មួយដែលយើងមានឱកាសដើម្បីប្រារព្ធពិធីប្រគល់សញ្ញាបត្រ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតឆ្នាំ ២០២០, ២០២១ និង ២០២២នៅ AUPP ។ យើងទាំងអស់គ្នាបានខកខានប្រមូលផ្តុំជុំគ្នាដើម្បីប្រារព្ឋពិធីពិសេសបែបនេះយូរណាស់មកហើយ។ ដោយបានឃើញនិស្សិតរបស់យើងដែលបញ្ចប់ការសិក្សាពីឆ្នាំ ២០២០ និង ២០២១ មកចូលរួមជាមួយនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០២២ របស់យើងនៅទីនេះដោយផ្ទាល់បែបនេះ លោកពិតជាមានមោទនភាពយ៉ាងក្រៃលែងឥតឧបមា។លោកបានដឹងថាមានសិស្សផ្សេងទៀតជាច្រើន ដែលមិនអាចមកចូលរួមជាមួយយើងនៅថ្ងៃនេះ ដោយសារនិស្សិតដែលបានបញ្ចប់ការសិក្សាពីឆ្នាំមុនៗអាចនឹងកំពុងតែបន្តការសិក្សារបស់ ពួកគេនៅបរទេស ឬក៏កំពុងខិតខំបំពេញការងាររបស់ពួកគេនៅក្នុងឬក្រៅប្រទេសផងដែរ។ ទាំងនេះ គឺជា សក្ខីភាពនៃភាពជោគជ័យរបស់ពួកគេហើយក៏បានបង្ហាញពីភាពជោគជ័យរបស់យើងដែរ។
លោកមានមោទនភាពណាស់ដែលបានមើលឃើញដោយផ្ទាល់ អំពីការខិតខំប្រឹងប្រែងក្នុងការសិក្សារបស់និស្សិត យើងគ្រប់ៗរូប។ កិច្ចខិតខំប្រឹងប្រែងដែលសាស្ត្រាចារ្យ ទីប្រឹក្សា និងប្រធានដេប៉ាតាម៉ង់ទាំងឡាយគ្រប់រូបបានជួយជំរុញឲ្យនិស្សិតមាន ចំណេះដឹង ជំនាញ និងសមត្ថភាពចាំបាច់ទាំងអស់ដើម្បីទទួលបានភាពជោគជ័យបន្ទាប់ពីអ្នកបានបញ្ចប់ការសិក្សាពី AUPP។ លោកកាន់តែមានមោទនភាពថែមមួយកម្រិតទៀតដែលនិស្សិតបញ្ចប់ការសិក្សាគ្រប់រូប – គឺថ្នាក់ 2020, 2021 និង 2022 – អាចទទួលបាន ជោគជ័យក្នុងអំឡុងពេលដ៏លំបាកដែលមិនធ្លាប់មានពីមុនមកនៅក្នុងពេលវេលាដែលជំងឺមួយរាតត្បាតទូទាំងពិភពលោកបានរំខានដល់ការសិក្សានៅសាកលវិទ្យាល័យរបស់និស្សិតគ្រប់រូប។
លោក លឹម តារារិទ្ធបានផ្តាំទៅនិស្សិតបញ្ចប់ការសិក្សា 2020, 2021 និង 2022 គ្រប់រូបថាទោះបីជាអ្នកមានឱកាសរចេញទៅសិក្សា នៅបរទេស សូមកុំភ្លេចទឹកដីកំណើតរបស់អ្នក។ ត្រូវត្រឡប់មកជួយអភិវឌ្ឍប្រទេសកម្ពុជាវិញ។
បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា៖ ការទទួលបាននូវការអប់រំល្អប្រសើរ ជាកត្តាគន្លឹះកំណត់ដល់ភាពជោគជ័យ មិនត្រឹមតែសម្រាប់បគ្គលម្នាក់ៗប៉ុណ្ណោះទេ តែសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល។ការខិតខំប្រឹងប្រែងគួបផ្សំនឹងឱកាសទទួលបានការអប់រំល្អ ដែលមានគុណភាពខ្ពស់ដូចAUPPអាចនាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់។
លោកបណ្ឌិតបានឱ្យដឹងថា ជាង១០ឆ្នាំនេះAUPPបានបណ្តុះធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព បានច្រើនណាស់ និងបានផ្តល់អាហារូបករណ៍ដល់និស្សិតមិនមានលទ្ធភាពបង់ថ្លៃសិក្សាបាន៤០ភាគរយនៃចំនួននិស្សិតដែលបានបញ្ចប់ការសិក្សានិងកំពុងសិក្សានៅសកលវិទ្យាល័យនេះ។ AUPP មាននិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត បណ្ឌិត និងខ្លះទៀតបានទៅសិក្សានៅក្រៅប្រទេស ខណៈខ្លះទៀតបានវិលត្រឡប់ពីការសិក្សានៅក្រៅប្រទេស ព្រមទាំងខ្លះទៀតកំពុងធ្វើការនៅក្រុមហ៊ុនធំៗតាមបណ្តាប្រទេសជាច្រើនដូចជានៅអឺរ៉ុប និងអាមេរិកជាដើម។
AUPP គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវការអប់រំដែលមានគុណភាពខ្ពស់ស្ដង់ដារអាមេរិកាំង ដោយមានមូលដ្ឋានផ្អែកលើវប្បធម៌នៃប្រទេសកម្ពុជានិងក្នុងទ្វីបអាស៊ីទាំងមូល។
AUPPគឺជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់ជូននូវកម្មវិធីសញ្ញាបត្រពីរស្របតាមស្ដង់ដារអប់រំរបស់សហរដ្ឋអាមេរិកដោយមានការទទួលស្គាល់ជាអន្តរជាតិក្រោមភាពជាដៃគូសហការជាមួយសាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យរដ្ឋហ្វត ហេស៍។AUPPផ្តល់ជំនាញសិក្សាចំនួន៦ រួមមាន ជំនាញផ្នែកកិច្ចការសកល ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ផ្នែកច្បាប់ ផ្នែកធុរកិច្ច ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក៏ដូចជាផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច៕ ដោយ ៖ ហេង នាង