រយៈពេល៨ខែ ឆ្នាំ២០១២ កម្ពុជាទទួលរងបាតុភូតធម្មជាតិជាច្រើន
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១២នេះ កម្ពុជាទទួលរងនូវគ្រោះមហន្តរាយជាច្រើនសារដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ និងជំងឺឆ្លង ជាដើម។ ។
របាយការណ៍ដដែលបានបន្តថា គ្រោះមហន្តរាយជាច្រើនដែលកម្ពុជាបានទទួលរងមានដូចជា ខ្យល់ព្យុះក្នុងតំបន់ទី១ ឈ្មោះ ប៉ាកហា នៅខែមេសា និងព្យុះទី៨ ឈ្មោះទីស៊ិនតេ នៅខែកក្កដា ដែលបាន បណ្តាលឲ្យមានភ្លៀងធ្លាក់ ច្រើនតាមតំបន់ ឆ្នេរ សមុទ្រ និងខ្យល់បក់បោកខ្លាំង។
នៅរាជធានីភ្នំពេញខ្យល់ព្យុះកើតមានចំនួន១៣៦ករណី ឯខេត្តចំនួន២១ករណី ហើយខេត្តដែលទទួលរងគ្រោះធ្ងន់ធ្ងរមានខេត្ត កំពត, បន្ទាយមានជ័យ,បាត់ដំបង ដែលបណ្តាលឲ្យ ប្រជាជនស្លាប់២០នាក់ និងរបួស៥៩នាក់។
ចំណែកអ្នកដែលរងគ្រោះធម្មជាតិដោយសារត្រូវរន្ទះបាញ់ស្លាប់មានចំនួន ៨១នាក់ និងរបួស ៦៩នាក់។ គ្រោះអគ្គីភ័យបានកើត មានចំនួន ២១១ករណី នៅរាជធានីភ្នំពេញ និងខេត្តមានចំនួន២១ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥នាក់ និងរបួស ៩នាក់ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត៕