លោកជំទាវ ឱ វណ្ណឌីន ពន្យល់ពីស្ថានភាពនៃជំងឺអុតស្វានៅលើសាកលលោក
ខណៈជំងឺនេះមិនទាន់កើតមាននៅកម្ពុជានៅឡើយ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 23, 2022/
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានរៀបចំនូវអត្ថបទមួយដើម្បីពន្យល់ពីស្ថានភាពនៃជំងឺអុតស្វា ដែលបានកើតឡើងលើសាកលលោក ដោយផ្តើមចេញពីប្រទេសអង់គ្លេស។
តាមរយៈអត្ថបទ លោកជំទាវបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺអុតស្វានេះ នៅកម្ពុជានៅឡើយទេ។
លោកជំទាវក៏បានអំពាវនាវដល់ប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន។
លោកជំទាវបានជំរុញឲ្យយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជាអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥៕