ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រមាថរបស់ពួកជ្រុលនិយមមកលើនាយករដ្ឋមន្ត្រីមិនអាចបន្ធូរបន្ថយ ឬសម្រាលទោសបាននោះទេ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 13, 2022/
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្តេចតេជោ និងតំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានលើកឡើងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមកាលពីថ្ងៃទី១២ ខែឧសភា ម្សិលមិញ ថា ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី និងមកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត»។
ឯកឧត្តមបានបន្តថា: «ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀត ថា៖ «ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល»។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី គឺសម្ដៅដល់ជនអគតិម្នាក់ ដែលបានធ្វើសកម្មភាពប្រមាថមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពេលកំពុងទទួលនូវការស្វាគមន៍ពីអ្នកគាំទ្រ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕