ក្នុងឆ្នាំនេះ កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំមេដឹកនាំសំខាន់ៗ៣
នៅតំបន់អាស៊ីអាគ្នេយ៍
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 4, 2022/
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងការបរទេសកម្ពុជា ឥណ្ឌូនេស៊ី និងថៃ នៅថ្ងៃទី៤ ឧសភា បានឲ្យដឹងថា កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ។
កិច្ចប្រជុំទាំង៣នោះរួមមាន ៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា , កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។
តាមសេចក្តីប្រកាសព័ត៌មានរួម បានឲ្យដឹងថា ដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេស សម្រាប់បណ្តាប្រទេស/សេដ្ឋកិច្ច សមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជាកិច្ចប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនទាំងអស់។
ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំសំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះ ប្រទេសទាំង៣ប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ច សហប្រតិបត្តិការ ខណៈក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សា សន្តិភាព និងស្ថិរភាពនៅក្នុងរបស់យើង ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕