ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ បញ្ជូន ទៅដល់ទីស្តីការគណរដ្ឋមន្ត្រី
ដោយ សយ ដុល្លា
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានថ្លែងឲ្យដឹងថានាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ថា គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានរៀបចំចេសក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយដែល ត្រូវក្រុមមន្រ្តីពាក់ព័ន្ធ បានរៀបចំតាក់តែងចប់ ហើយក៏បានបញ្ជូនទៅ ទីស្តីការគណៈរដ្ឋមន្រ្តីពិនិត្យនឹងអនុម័តរឺកែតំរូវ។
លោកបានថ្លែងយ៉ាងដូចនេះថា«ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ តាក់តែងឡើងពីការ ប្រែប្រួល អាកាសធាតុ ដោយធម្មជាតិ មនុស្ស ដោយជំងឺឆ្លងផ្សេងៗ ដែលអាចជាគ្រោះមហន្តរាយដល់មនុស្សហើយស្ថានប័នដែលតែងច្បាប់នេះ ជាស្ថាប័នកណ្តាល ជាស្ថាប័នឈានមុខ ហើយនាយករដ្ឋមន្រ្តីកម្ពុជាជាប្រធាន»។
លោក ញឹម វណ្ណដា បន្ថែមថា ច្បាប់នេះតែងឡើងដើម្បីដាក់ទោសទណ្ឌ ទៅលើជនណា ដែលបានបង្កគ្រោះភ័យ ហើយបើមានអ្នកណា បានប្រព្រឹត្តខុសច្បាប់រដ្ឋប្បវេណី អនុវត្តទៅតាមទោស ដែលពួកគេបានប្រព្រឹត្ត។
គួបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១១មានមនុស្ស ២៤៧នាក់ បានបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់ នឹងខូចខាតផ្ទះសម្បែង ដីស្រែចំការជាច្រើនម៉ឺនហិកតារបស់ប្រជាពលរដ្ឋ ធ្វើឲ្យខាតបង់ រហូតទៅដល់ ៥០០លានដុល្លារសហរដ្ឋអាមេរិក។