ប្រមុខ UN និងប្រធានាធិបតីតួកគីសន្យាផ្តួចផ្តើមសន្តិភាពនៅអ៊ុយក្រែន

​សារព័ត៌មាន Cambodia News/

អង់ការ៉ា ៖ ​តាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួ បាន​ឲ្យដឹងថា អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស និងប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជម្លោះនៅប្រទេសអ៊ុយក្រែន ក៏ដូចជាបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ជនស៊ីវិល។

លោក ហ្គូដទែរ៉េស បានជួបលោក អឺដូហ្គាន់ នៅរដ្ឋធានីអង់ការ៉ា ប្រទេសទួកគីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោក ហ្វាហាន ហេក អ្នកនាំពាក្យរងរបស់លោក ហ្គូដទែរ៉េស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូយ៉កថា ប្រមុខអង្គការសហប្រជាជាតិបានសម្តែងការគាំទ្ររបស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្តរបស់ប្រទេសតួកគី ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។

ជាមួយគ្នានេះ លោក ហ្គូដទែរ៉េស និងលោកប្រធានាធិបតី អឺដូហ្គាន់ បានបញ្ជាក់សាជាថ្មីថា គោលបំណងរួមរបស់ពួកលោកគឺដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ជនស៊ីវិល និងសហគមន៍ដែលរងផលប៉ះពាល់ពីសង្គ្រាម។

បន្ថែមលើនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នារក្សាទំនាក់ទំនង ដើម្បីតាមដានគំនិតផ្ដួចផ្ដើមដែលកំពុងបន្ត ក៏ដូចជាពិភាក្សាអំពីផលប៉ះពាល់ដោយសារជម្លោះអ៊ុយក្រែនលើបញ្ហាក្នុងតំបន់ និងពិភពលោក រួមទាំងវិស័យថាមពល ស្បៀងអាហារ និងហិរញ្ញវត្ថុផងដែរ៕

Related Articles

Back to top button
Close
Close