សម្តេចតេជោ ៖ កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដូសទី៥ មន្ត្រីជួរមុខ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ April 26, 2022
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ ដល់មន្ត្រីជួរមុខបន្តទៀត និងបន្តលើកទឹកចិត្តឲ្យមានការធ្វើតេស្តរហ័សរកជំងឺកូវីដ ។ នេះបើយោងតាមសារសម្លេងពិសេស របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែមេសានេះ។
សម្តេចបានលើកឡើងទៀតថា ៖«យើងកំពុងពិនិត្យលទ្ធភាពនៃការចាក់វ៉ាក់សាំងដូសទី៥ សម្រាប់មន្ត្រីជួរមុខបន្តទៀតដោយមិនមានប្រការណាមួយខ្វះវ៉ាក់សាំងនោះទេប៉ុន្តែខ្ញុំអំពាវនាវចង់បានបំផុត គឺការទទួលយកវ៉ាក់សាំងនូវដូសទី៣តែម្តង ចំពោះពលរដ្ឋជាង៦លាននាក់» ។
សម្តេចបញ្ជាក់ថា ទោះបីជាអំពាវនាវហើយអំពាវនាវទៀត ចំពោះការចាក់វ៉ាក់សាំងដូសទី៣ក្តី សម្តេចតេជោ បានអះអាងថា ទទួលវ៉ាក់សាំងដូសទី៣ ដោយស្ម័គ្រចិត្ត ហើយគ្មានការដាក់ទណ្ឌកម្ម ឬផាកពិន័យនោះទេ តែនេះជាបញ្ហាសុខុមាលភាពសម្រាប់បងប្អូនម្នាក់ៗ ។ តែវាអាចចាត់ទុកថា កាតព្វកិច្ចខាងផ្នែកសុខភាពរបស់យើងតម្រូវឲ្យចាក់ដូសទី៣ ដើម្បីរក្សានូវភាពធននូវសុខភាពរបស់យើង និងការចូលរួមចំណែករបស់បងប្អូនក្នុងការការពារជំងឺកូវីដ១៩ ។
ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យវិស័យសុខាភិបាលត្រូវធ្វើការតាមដាន និងត្រៀមឆ្លើយតបជាមួយបញ្ហាទាំងឡាយដែលអាចកើតឡើងជាយថាហេតុព្រោះនៅលើពិភពលោកមិនទាន់អស់ នៅឡើយទេ ។ ដែលតាមអង្គការសុខភាពពិភពលោក បានប្រកាសរកឃើញជំងឺកូវីដ៣ ប្រភេទផ្សេងទៀត ដែលបើវាកាចសាហាវនោះរាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការផ្សេងទៀត ឬធ្វើអ្វី ដើម្បីទាម ទារការពារសុខភាពបងប្អូនប្រជាពលរដ្ឋ៕