សម្តេចតេជោ ណែនាំឱ្យយកចិត្តទុកដាក់ លើការផលិតបណ្ណចាក់វ៉ាក់សាំង

​សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការផលិត​បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធអត្តសញ្ញាណរបស់អ្នកចាក់ ជាពិសេសឈ្មោះជាភាសា​អង់​គ្លេស​ គឺឱ្យត្រូវគ្នានឹងលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណជាដើម។

ការក្រើនរំលឹកបែបនេះ ព្រោះតែសម្តេចតេជោ បារម្ភខ្លាចការដាក់ឈ្មោះជាភាសាអង់គ្លេស លើបណ្ណចាក់វ៉ាក់សាំង ខុសពីឈ្មោះលើលិខិតឆ្លងដែន នាំឱ្យលំបាកក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស។

សម្តេចតេជោបន្តថា ប្រជាពលរដ្ឋ និងមន្ត្រីរបស់យើងមានការចាំបាច់ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ហេតុនេះក្នុងករណីដាក់ឈ្មោះជាភាសាអង់គ្លេស មិនបានត្រឹមត្រូវស្របទៅតាមឈ្មោះដែលមានក្នុងលិខិតឆ្លងដែន គឺមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានទេ។

សូមបញ្ជាក់ថា លើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាបានធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញទិន្នន័យមួយចំនួនមានដូចជា៖ លេខកាត, ឈ្មោះរបស់អ្នកចាក់ជាភាសាខ្មែរ និងអង់គ្លេស, លេខអត្តសញ្ញាណបណ្ណ, ប្រភេទវ៉ាក់សាំង, ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងផងដែរ៕

Related Articles

Back to top button
Close
Close