នៅក្នុងឆ្នាំ២០១២នេះ​សន្ទស្សន៍មូសមាន​​ការកើនខ្ពស់

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ សន្ទស្សន៍សត្វមូសនៅក្នុងឆ្នាំ ២០១២ នេះក្រសួងសុខាភិបាលបានព្រមានសាជាថ្មីថា   នៅក្នុងឆ្នាំ ២០១២ នេះ គឺសត្វមូសមានការកើនឡើងខ្ពស់ជាងឆ្នាំ ២០០៧ ដែលជាឆ្នាំមានការរាតត្បាតធំទៅទៀត ហើយក្នុងរយ:ពេល ៣៣សប្ដាហ៍ ដើមឆ្នាំ២០១២នេះ ជំងឺគ្រុនឈាមបានសម្លាប់អាយុជីវិតមនុស្សជាង១០០នាក់ ។

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្របាណកសាស្ត្រនៃក្រសួងសុខាភិបាល បានលើកឡើងថា ចំនួនដង្កូវទឹកជិតដុះស្លាបក្នុងប្រជាជនម្នាក់មាន ៣ ក្បាលសម្រាប់ប្រជាជន ១ នាក់ តាំងពីរដូវប្រាំងមក (ក្នុងឆ្នាំ ២០០៧ មានតែ ២ ក្បាលទេ ) ។ សន្ទស្សន៍សុវត្ថិភាពកំណត់ដោយអង្គការសុខភាពពិភពលោកមិនឲ្យលើសពី ១ក្បាលទេ ។

លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្របាណកសាស្ត្រនៃក្រសួងសុខាភិបាលបានលើកឡើងថា សន្ទស្សន៍មូសឆ្នាំ ២០១២ ខ្ពស់ជាងឆ្នាំ ២០០៧ គឺខ្ពស់ជាងក្នុងកម្រិត ២ដង ។ មូលហេតុនៃសន្ទស្សន៍មូសឆ្នាំ ២០១២ នេះខ្ពស់ គឺដោយសារទឹកភ្លៀងធ្លាក់ខុសពីធម្មតាកាលពីដើមឆ្នាំ២០១២ ។

ស្របពេលសត្វមូសមានការកើនឡើងខ្ពស់នេះមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រនៃក្រសួង សុខាភិបាល បានជម្រុញឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែង ដើម្បីកម្ចាត់ដង្កូវទឹកដែលវិវត្តន៍ទៅជា សត្វមូស ដោយនិយាយថា ការកម្ចាត់ដង្កូវជាកាតព្វកិច្ចគ្រួសារ និង សហគមន៍ ៕  

Related Articles

Back to top button
Close
Close