លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បង្ហាញចំណាប់អារម្មណ៍៦ចំណុច ពាក់ព័ន្ធការចុះផ្សាយខុសការពិតរបស់កាសែត The Guardian​

ទី១៖ ការផ្សាយព័ត៌មានខុសគឺជាបញ្ហាដ៏ធំមួយដែលអ្នកសារព័ត៌មាន ឬស្ថាប័នសារព័ត៌មានត្រូវប្រយ័ត្នប្រយែងខ្ពស់បំផុត។ ហេតុនេះហើយបានជាអ្នកសារព័ត៌មានត្រូវយកការផ្ទៀងផ្ទាត់ជាគោលធំបំផុតដើម្បីចៀសវាងការផ្សាយព័ត៌មានខុសពីព្រោះកំហុសនៃការផ្សាយព័ត៌មានអាចបង្កផល វិបាកធំធេងណាស់ ជាពិសេសប្រសិនបើវាប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ។

ទី២៖ ទោះជាយ៉ាងណាកំហុសដោយអចេតនាតែងកើតមាន (ដោយមិនរាប់បញ្ចូលកំហុសដោយចេតនា)។ អ្វីដែលសំខាន់គឺការទទួលស្គាល់កំហុស ហើយកែតម្រូវឡើងវិញ។ នេះជាការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក៏ដូចជាស្ថាប័នសារព័ត៌មាន។

ទី៣៖ ចំណែកអ្នកយកព័ត៌មានខុសនេះទៅផ្សាយបន្តក៏ត្រូវតែកែតម្រូវជាចាំបាច់ដែរ។ ការកែតម្រូវត្រូវធ្វើឡើងឲ្យស្របនឹងទំហំនៃព័ត៌មានដែលខ្លួនយកទៅផ្សាយ។ ប្រសិនបើត្រឹមដកស្រង់ព័ត៌មានពីគេយកទៅផ្សាយតាមខ្លឹមសារដើម ពេលម្ចាស់ដើមកែតម្រូវឡើងវិញ អ្នកដកស្រង់ផ្សាយបន្តក៏ត្រូវកែតម្រូវឡើងវិញទៅតាមន័យរបស់ម្ចាស់ដើមនៃអត្ថបទទាំង ស្រុងដែរ។

ទី៤៖ ប្រសិនបើអ្នកដកស្រង់យកព័ត៌មាននោះទៅប្រើដោយពង្រីកអត្ថន័យឲ្យធំជាងព័ត៌មានដែលម្ចាស់ដើមសរសេរ ការកែតម្រូវក៏ត្រូវធ្វើ ឲ្យសមនឹងអត្ថន័យដែលខ្លួនចេញផ្សាយដែរ។ និយាយឲ្យចំទំហំនៃការផ្សាយប៉ុនណា ការកែតម្រូវក៏ត្រូវធ្វើបុណ្ណឹងដូចគ្នា ពីព្រោះវាជាការលុបលាងកំហុសនៃព័ត៌មានដែលខ្លួនផ្សាយចេញទៅ។

ទី៥៖ ការកែតម្រូវព័ត៌មានមិនត្រូវបង្កប់ន័យចំអកឡកឡឺយណាមួយឡើយ។

ទី៦៖ ប្រសិនបើព័ត៌មានដែលផ្សាយរួចហើយនោះ មិនអាចអាចកែតម្រូវបានដោយសារតែវាត្រូវបានបោះពុម្ពនៅលើក្រដាស គេត្រូវលុបព័ត៌មាននោះចោលពីប្រព័ន្ធ អនឡាញតែម្តង លើកលែងតែនៅលើទំព័រកាសែតបោះពុម្ភដែលត្រូវកែតម្រូវនៅលេខបន្ទាប់និងនៅលើទំព័រដដែល។ នេះគឺជាការទទួលខុសត្រូវដែលបុគ្គលគ្រប់រូប ជាពិសេសអ្នកមានវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរ ត្រូវប្រកាន់យកជាដាច់ខាតដោយគ្មានអ្នកណាអាចមើករំលងបានឡើយ៕

Related Articles

Back to top button
Close
Close