សម្តេចតេជោ លើកឡើងថា ក្នុងចំណោមអ្នកស្លាប់ដោយកូវីដម្សិលមិញ គឺមានអ្នកមិនព្រមចាក់វ៉ាក់សាំង
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ October 8, 2021
ភ្នំពេញ ៖ តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកថ្ងៃទី៨ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងចំណោមអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ម្សិលមិញ គឺមានអ្នកដែលមិនព្រមចាក់វ៉ាក់សាំង និងបំផុសគេមិនឱ្យចាក់ទៀតផង។
សម្តេចនាយករដ្ឋមន្រ្តី លើកឡើងទៀតថា៖ «ក្រោយពីការស្រាវជ្រាវ ឃើញថាឪពុកគាត់ និង គ្រួសារ មិនបានចាក់ដែរ ។ យើងត្រូវពន្យល់អ្នកមិនទាន់ចាក់អោយគាត់យល់ពីសារសំខាន់នៃការចាក់វ៉ាក់សាំង ទោះជាគាត់នៅក្នុងក្រុមណាក៏ដោយ»។
សម្រាប់ការចាក់វ៉ាក់សាំងជូនប្រជាជន គិតត្រឹមថ្ងៃទី៧ តុលា កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងបានចំនួនជាង ១៣,៤៥លាននាក់ ស្មើនឹង ៨៤,១១ភាគរយនៃប្រជាជនសរុប ១៦លាននាក់៕