អ្នកសុំ​​ជម្រក​​ភៀសខ្លួន​​បន្ត​​ធ្វើកូដកម្ម​​អត់​​អាហារ​​

នៅប្រទេសអូស្ត្រាលី អ្នកសុំជម្រកភៀសខ្លួនប្រមាណ១០០ប្លាយនាក់ បន្តធ្វើកូដកម្មអត់ អាហារ នៅក្នុងជំរំឃុំឃាំងនៅកោះអូស្ត្រាលីឈ្មោះ គ្រីសម័ស ដែលឋិតនៅប៉ែកខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។អ្នកសុំជម្រកភៀសខ្លួនទាំងនោះបានមកដល់ដែនទឹកអូស្ត្រាលី ក្រោយថ្ងៃទី ១៣សីហា ដូច្នេះអ្នកទាំងនោះត្រូវឋិតនៅក្រោមច្បាប់ថ្មីរបស់អូស្ត្រាលី ដែល អនុម័តដោយសភាក្នុងគោលបំណងបញ្ចៀសកុំឲ្យមានបេក្ខជនសុំជម្រក ភៀសខ្លួននាំ គ្នាជិះទូកមកកាន់ប្រទេសអូស្ត្រាលីទៀត។

ច្បាប់ថ្មីរបស់ប្រទេសអូស្ត្រាលីបានគ្រោងឲ្យមានការ សាងផ្ទេរអ្នកសុំជម្រកភៀសខ្លួន ទាំងនោះ យកទៅដាក់នៅកោះ Nauru ដែលឋិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជា ទីកន្លែងពួកគេពុំចង់ឃើញសោះឡើយ។ ពួកអ្នកសុំជម្រកភៀសខ្លួនទាំងនោះ ភាគច្រើន ជាជនជាតិអាហ្វាហ្កានីស្ថាន សេរីលង្កា ប៉ាគីស្ថាន អ៊ីរ៉ង់។ ពួកគេភាគច្រើនបាន ចាប់ធ្វើ កូដកម្មអត់អាហារនៅ ថ្ងៃសុក្រ ទី ២៤ សីហា កន្លងទៅនេះ ហើយអ្នកខ្លះពុំទទួលទាន អាហារ អស់រយៈពេល១២ថ្ងៃមកហើយ។ បើយោងតាមអ្នកដឹកនាំចលនាកូដកម្ម មានអ្នក សុំជម្រកភៀសខ្លួនបីនាក់បានត្រូវគេដឹកចូលមន្ទីរពេទ្យ ដោយហេតុតែមានបញ្ហាជម្ងឺ តម្រងទឹកនោម។

បើយោងតាមក្រសួងអន្តោប្រវេសន៍អូស្ត្រាលី មានតែម្នាក់គត់ដែលបានត្រូវគេបញ្ជូន ទៅមន្ទីរពេទ្យ ប៉ុន្តែគេពុំដឹងថា តើមានជាប់ពាក់ព័ន្ធនឹងបញ្ហាកូដកម្មឬទេ?ប៉ុន្តែរដ្ឋាភិបាល អូស្ត្រាលីបានព្រមានថា ការធ្វើកូដកម្មទាំងនេះនឹងពុំធ្វើឲ្យ ប្រទេសអូស្ត្រាលីកែប្រែន យោបាយអន្តោប្រវេសន៍ថ្មីរបស់ខ្លួនឡើយ។

រីឯលោករដ្ឋមន្ត្រីក្រសួងថវិកាវិញបានថ្លែងថា “ការគំរាមយកទៅដាក់នៅលើកោះ Nauru គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធិ ដើម្បីបញ្ចៀសកុំឲ្យមានបេក្ខជនសុំជម្រកភៀសខ្លួននាំ គ្នាជិះទូកមក កាន់ប្រទេសអូស្ត្រាលីទៀត។

ដើម្បីចៀសវាងកុំឲ្យគេបញ្ជូនខ្លួនទៅកាន់កោះ Nauru អ្នកធ្វើកូដកម្មខ្លះសុខចិត្តវិល ត្រឡប់ ទៅកាន់ ទីកន្លែងដើមរបស់ខ្លួន ពោលគឺនៅជំរំភៀសខ្លួនដែលគ្រប់គ្រង ដោយអង្គ ការសហប្រជាជាតិនៅក្នុង ប្រទេសឥណ្ឌូនេស៊ី៕ដោយ សៀក សារិន(RFI)

Related Articles

Back to top button
Close
Close