សម្តេចតេជោ ចេញបទបញ្ជាឱ្យកែសម្រួលជាបន្ទាន់ជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 27, 2021
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ កម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១បានចេញបទបញ្ជាដាច់ណាត់ ឱ្យកែសម្រួលជាបន្ទាន់ ជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅកម្ពុជា។
បទបញ្ជាខាងលើនេះ ត្រូវបានធ្វើឡើង ក្រោយសម្តេចតេជោ ហ៊ុន សែន រកឃើញថា មួយរយៈពេលចុងក្រោយនេះ ដំណើរការនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅខេត្តជាច្រើន ហាក់ដូចជាយឺតយ៉ាវខ្លាំង ខណៈវ៉ាក់សាំងមាននៅក្នុងឃ្លាំងគ្រប់គ្រាន់។
ក្នុងសារសំឡេង មានរយៈពេលជាង ១៨នាទី សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា មកដល់ថ្ងៃនេះ មានខេត្តមួយចំនួន ចាក់វ៉ាក់សាំង បានតិច ដូចជា ខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ហើយខេត្តទាំងបីឡើងមកយកវ៉ាក់សាំងទាំងយប់ នៅភ្នំពេញ។ ក្នុងនោះ ខេត្តរតនៈគិរី ចាក់វ៉ាក់សាំង បានច្រើនជាងផែនការគ្រោងទុក ដែលត្រូវតែយកធ្វើជាគំរូ។
សម្តេចតេជោ បានដាក់ចេញនូវបទបញ្ជា ឱ្យអភិបាលខេត្តរាជធានីទាំងអស់ ត្រូវចាត់ទុកកិច្ចការប្រឆាំងកូវីដ១៩ ជាកិច្ចការអាទិភាពទី១ គឺត្រូវទទួលខុសត្រូវ ចំពោះមុខរាជរដ្ឋាភិបាល លើបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើង នៅពេលនេះ។
សម្តេច ហ៊ុន សែន ហាមដាច់ខាត មិនឱ្យមានវ៉ាក់សាំង ដេកនៅក្នុងឃ្លាំង ក្នុងពេលដែលប្រជាជន ខ្វះវ៉ាក់សាំងចាក់នោះទេ។ ពេលនេះ វ៉ាក់សាំង មានគ្រប់គ្រាន់ ដែលត្រូវតែជំរុញឱ្យទៅដល់គោលដៅ ហើយក្រសួងការពារជាតិ និងកងទ័ពអាកាស ត្រូវប្រើឧទ្ធម្ភាគចក្រ ដឹកវ៉ាក់សាំង ទៅខេត្តឆ្ងាយៗ។
រាជរដ្ឋាភិបាល បានលើកឡើងថា យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ នេះ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់ នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ មុនផែនការ ដែលបានគ្រោងទុក៕