ខេត្តព្រះសីហនុលិចលង់ដោយជំនន់ទឹកភ្លៀងបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 25, 2021
ខេត្តព្រះសីហនុ ៖ ដោយគិតត្រឹមម៉ោង២០,២០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរងនូវគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលកម្រិតទឹកភ្លៀងមានរហូតដល់ កម្ពស់២៤៩មីល្លីម៉ែត្រ ដែលបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង។
បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុមិយម ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ។
ហេតុនេះរដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់នោះទេ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់ និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕ ដោយ ៖ សហការី