រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញ ដែលពាក់ព័ន្ធមេរោគបំប្លែងថ្មី (Delta)
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មីប្រភេទ (Delta)
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣ សីហា ២០២១) ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់តំបន់មួយចំនួន ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកេវ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ការសម្រេចបិទខ្ទប់តំបន់ទាំងនេះ ដោយសារតែពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ដែលតាឆ្លងរាលដាលក្នុងសហគមន៍។
សេចក្តីសម្រេច កំណត់ថា ការបិទខ្ទប់មិនឱ្យមានការចេញ-ចូលចំពោះកំណាត់ផ្លូវលេខ៩៣ ពីនៅចំណុចសាលាបឋមសិក្សា ពញាក្រែក រហូតដល់ចំណុចផ្ទះលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរីខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយសារមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta)។
ការបិទខ្ទប់នេះ មានរយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវ ត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា នៅក្នុងសហគមន៍។
ដោយឡែកមានសេចក្តីសម្រេចមួយទៀត នៅរសៀលថ្ងៃទី២សីហា ដោយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទខ្ទប់ច្រកផ្លូវលេខ៣៧២ ផ្លូវលេខ៣៧២Z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា។ ការបិទខ្ទប់នេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែសីហា។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់នេះ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចាំបាច់មួយចំនួនរួមមាន៖ ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់ ការផ្ដល់វត្ថុសំណាកធ្វើតេស្ដរកជំងឺកូវីដ-១៩ ការវិលត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល ការជួបជុំរបស់បុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ និងបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់៕