ថ្ងៃនេះ កម្ពុជាដឹកជញ្ជូនអំណោយទៅជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កក្កដា ២០២១) ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១នេះនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង។
សូមជម្រាបថា កាលពីថ្ងៃទី ១៧ ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន ១០០គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។
ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេស វៀតណាម និងសមាគមមិត្តភាពកម្ពុជា វៀតណាម ថវិកាចំនួន ៥មុឺនដុល្លាសហរដ្ឋអាមេរិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កន្លងមកកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕ (ប្រភព ៖ ទទក)