ក្រសួងសុខាភិបាលសម្រេចកែសម្រួលគម្លាតការចាក់វ៉ាក់សាំងដូសទី១ និងទី២ ទៅរយៈពេល ២១ថ្ងៃវិញ
ចំពោះវ៉ាក់សាំង Sinopharm និង Sinovac
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កក្កដា ២០២១) ៖ យោងតាមលិខិតណែនាំរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៣ ខែកក្កដា បានបញ្ជាក់ ថា ក្រសួងសុខាភិបាល បានសម្រេចកែប្រែគម្លាតពេលវេលានៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រវាង ដូសទី១ និងដូសទី២ ត្រូវមានរយៈពេល ២១ថ្ងៃ ឬ៣សប្តាហ៍វិញ។
យោងតាមលិខិតណែនាំដដែលបានឲ្យដឹងថា ការផ្លាស់ប្តូរពេលវេលាចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២នេះ ធ្វើឡើងដោយមានចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន ដោយយោងតាមរបាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្នុងលិខិតនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំទៅប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវធ្វើការណែនាំជាបន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យអនុវត្តន៍នូវគោលការណ៍ថ្មីនេះ៕