ផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់របៀបរៀបរយនឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃស្អែកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មិថុនា ២០២១) ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរវិញចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១តទៅ លើកលែងតែផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍»។
នៅក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា បើទោះបីអនុញ្ញាតឲ្យបើកដំណើរឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ផ្សារ ឬគណៈគ្រប់គ្រងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ង់ម៉ាត់ជាទីបំផុត ដូចជារក្សាគម្លាត, ពាក់ម៉ាស់, កំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ, ជៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្ដុំមនុស្សច្រើន, ចាត់ឲ្យមានអ្នកវាស់កម្ដៅ និងស្គេន QR Code ជាដើម៕