ព្រះរាជបន្ទូលព្រះមហាក្សត្រ ៖ យើងមិនអាចប៉ាន់ស្មានពីការផុតរលត់ទៅនៃជំងឺកូវីដ-១៩

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៤ មិថុនា ២០២១) ៖ ក្នុងឱកាសការបើក​បវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាល​ដាល នៃជំងឺរាតត្បាត កូវីដ-១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេលណា​នោះទេ។

ជាមួយគ្នានោះព្រះអង្គបានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការ​របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នា ដើម្បីឱ្យប្រជាពលរដ្ឋយើង​ទទួល​បាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា”។

ព្រះរាជសារព្រះអង្គបានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសកិច្ចខិតខំប្រឹងប្រែង​ក្នុងការកៀរគរមូលនិធិ និងជំនួយវាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋយើង​ដោយឥត​គិតថ្លៃ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋសភាបានបើកសម័យប្រជុំ ពេញអង្គលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា ចំនួន៨២រូប រួមទាំងតំណាង​រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធជាច្រើនផងដែរ៕

 

 

 

Related Articles

Back to top button
Close
Close