អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ៖ ​ស្ថានភាព​និង​បរិយាកាស​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ប្រព្រឹត្តទៅ​ក្នុងស្ថានភាព​ល្អ​

​សារព័ត៌មាន Cambodia News/

ភ្នំពេញ (២ ឧសភា ២០២១) ៖ លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​លើកឡើងថា ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២១​នេះ បើទោះបី​ពុំមាន​ធ្វើ​ពិធី​ជួបជុំ​ធំដុំ ដូច​តែង​ប្រារព្ធ​កន្លងទៅ​ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ កំពុង​គំរាមកំហែង​ក៏ដោយ តែ​ឆន្ទៈ​វិជ្ជាជីវៈ​នៅតែ​រឹងមាំ​។

ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា លោក មាស សុ​ភ័​ណ្ឌ ​​បាន​ប្រាប់​​ថា ទោះបី​កម្ពុជា​ស្ថិតនៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក៏ប៉ុន្តែ​ស្ថានភាព​និង​បរិយាកាស​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​នៅតែ​ប្រព្រឹត្តទៅ​ក្នុងស្ថានភាព​ល្អជា​ប្រក្រតី ដោយ​គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ ការ​បំបិទ​សិទ្ធិសេរីភាព ក៏ដូចជា​ការបង្ខំ​ទៅដល់​អង្គភាព​សារព័ត៌មាន​ឬ​អ្នកសារព័ត៌មាន​ណាមួយ​ឡើយ។

លោក មាស សុ​ភ័​ណ្ឌ ​បន្តថា នៅក្នុង​ការងារ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​អ្នកសារព័ត៌មាន ក៏ដូចជា​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា គឺ​ប្រព្រឹត្ត​ទៅដោយ​ប្រក្រតីភាព ទោះបីជា​កម្ពុជា​កំពុងស្ថិត​នៅក្នុង​បរិបទ​នៃ​ការដាក់ចេញ​នៅ​សារាចរ​ណែនាំ វិធានការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ធ្វើយ៉ាងណា​ដើម្បី​កាត់ផ្តាច់ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​ក៏ដោយ ក៏​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន ក៏ដូចជា​ការបំពេញ​ការងា​រ​របស់​អ្នកសារព័ត៌មាន​នៅតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ជា​ប្រក្រតីភាព​។

លោក មាស សុ​ភ័​ណ្ឌ បន្ត​ទៀតថា ទន្ទឹមនឹងនោះ ដើម្បី​ធានាបាន​នៅ​ការអនុវត្ត​ការងារ​របស់​អ្នកសារព័ត៌មាន ក៏ដូចជា​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ ក្រសួង​ព័ត៌មាន​ក៏បាន​ចេញ​នៅ​លិខិតបញ្ជាក់​ក្នុងការ​ធ្វើដំណើរ​នៅក្នុង​តំបន់​ដែល​បិទ​ខ្ទប់​មួយចំនួន​នៅក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ទៅដល់​អ្នកសារព័ត៌មាន​ដែល​អាច​ចុះទៅ​បំពេញការងារ ក៏ដូចជា​ចុះទៅ​យក​ព័ត៌មាន​នៅ​តំបន់​ទាំងនោះ​ដោយ​រលូន។​

​លោក មាស សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា ចំពោះ​ការអនុវត្ត​វិធានកា​រដ្ឋបាល និង​វិធានការ​ផ្លូវច្បាប់​មួយចំនួន ទៅលើ​អ្នកសារព័ត៌មាន​មួយចំនួន​តូច​នាពេល​កន្លងមកនេះ ពុំមែន​ជាការ​បំបិទ​សិទ្ធិសេរីភាព ពុំមែន​ជាការ​គំរាមកំហែង ពុំមែន​ជាការ​ដាក់​គំនាប​នយោបាយ ឬក៏​ជាការ​រារាំង​ដល់​សេរីភាព​អ្នកសារព័ត៌មាន​នោះទេ ការអនុវត្ត​ច្បាប់​គឺ​អនុវត្ត​តែ​ទៅលើ​អ្នកសារព័ត៌មាន​មួយចំនួន​តូច​ដែល​ប្រព្រឹត្ត​ខុសពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រព្រឹត្ត​ខុស​ទៅ​និង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ដែលមាន​ជាធរ​មាននៅ​កម្ពុជា​នោះទេ​។

ដូច្នេះ​ការអនុវត្ត​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នកសារព័ត៌មាន​គឺជា​ការទទួលខុសត្រូវ​របស់​អ្នកប្រព្រឹត្ត​ខុស មិន​ថា​អ្នក​សារ​ព័​ត៍​មាន​ឬក៏​បុគ្គល​ណា​ទេ ប្រសិនបើ​ប្រព្រឹត្ត​ខុសច្បាប់ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដូច្នេះ​ការអនុវត្ត​វិធ​នា​ការ​ផ្លូវច្បាប់​ទៅលើ​អ្នកសារព័ត៌មាន គឺ​វា​មិនមែនជា​ការបិទ​សិទ្ធិសេរីភាព ការគំរាមកំហែង ការរារាំង​ដល់​សេរីភាព​របស់​អ្នកសារព័ត៌មាន​ដូចដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តូច​បានលើកឡើង​នោះទេ​៕

Related Articles

Back to top button
Close
Close