សម្តេចតេជោ បញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៨ មេសា ២០២១) ៖ តាមរយៈសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោបានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម» ។

សម្តេចបានចេញបញ្ជាឲ្យ ក្រសួងការពារជាតិ ទទួលភារកិច្ចពីគណៈកម្មការចំពោះកិច្ច ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះ ហើយក្នុងយុទ្ធនាការនេះត្រូវធ្វើឲ្យបានលឿនបំផុត។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ហើយឲ្យកងទ័ពចូលធ្វើតែម្តង ហើយដើម្បីចៀសវាងប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ ទ័ពចូលទៅរកទីតាំងនៅក្នុងហ្នឹង ដោយទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ឲ្យកងទ័ពអនុវត្តតែម្តង យកវ៉ាក់សាំងចាក់ជូនប្រជាជននៅតំបន់ហ្នឹង»

សម្តេចបន្តថា «ពេលចាក់វ៉ាក់សាំងហ្នឹង កុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឲ្យតែយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ទៅ ព្រោះសុទ្ធតែប្រជាជនយើងដដែល តែយើងត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ។ អញ្ចឹងយើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ប្រើកម្លាំងកងទ័ពចាក់តែម្តង»៕

 

Related Articles

Back to top button
Close
Close