សង្គមស៊ីវិលស្វែងរកយុទ្ធ​​សាស្ត្របញ្ឈប់កុមារ​​​​ពីការងារនេសាទ

Cambodia News

ដោយ៖ ហេង នាង

នៅថ្ងៃ២៣ សីហា ២០១២ ក្រុមចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធិកុមាររួមជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួននៅ ខេត្តកោះកុង បានបើកសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពីការស្វែងរកយុទ្ធសាស្ត្របញ្ឈប់កុមារពីការងារនេសាទ ។ សិក្ខាសា លានេះមានការចូលរួមភាគីពាក់ព័ន្ធ មានក្រុមកុមារដែលងាយរងគ្រោះ ឪពុកម្តាយ ឬអាណាព្យាបាល អាជ្ញាធរមូលដ្ឋាន សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក សូត្រ ស៊ីថា តំណាងគណៈកម្មការប្រតិបត្តិនៃចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារបានលើកឡើងថា ប្រជាពល រដ្ឋនៅតំបន់នោះភាគច្រើនមិនទាន់យល់អំពីអ្វីទៅ ដែលហៅថាពលកម្មកុមារ និងមិនទាន់យល់ពីផលប៉ះពាល់លើកុមារ ដែលចុះ ទូកនេសាទយ៉ាងដូចម្តេចនោះទេ។

ដូច្នេះហើយបានជាយើងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពីការស្វែងរកយុទ្ធសាស្ត្របញ្ឈប់ កុមារពីការងារនេសាទនេះ ឡើងក្នុងគោលបំណងចង់បង្ហាញឲ្យអ្នកចូលរួមយល់ដឹងពីការងារនេសាទ ដែលប្រើប្រាស់ពលកម្មកុមារ ផលប៉ះពាល់ និងឲ្យ ចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។ ដើម្បីធ្វើយ៉ាងណាដកហូតកុមារចេញពីការងារចុះទូកនេសាទ ហើយឲ្យពួកគេ បានចូលរៀននៅសាលាវិញ។

លោក វណ្ណ សាលី ប្រធានភូមិ៤ បានឲ្យដឹងថា នៅភូមិរបស់លោកមានកុមារចាប់ពីអាយុ១០ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មានប្រមាណ ជាង១ពាន់នាក់ ក្នុងនោះមានប្រមាណជាង៣០ភាគរយបានបោះបង់ចោលការសិក្សា ហើយចុះទូកនេសាទជួយរកលុយដើម្បី ដល់ជីវភាពគ្រួសារប្រចាំថ្ងៃ។

តាមការឲ្យដឹងពីមន្ត្រីនៃនាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ កាលពីឆ្នាំ២០០៨ មានកុមារប្រមាណជាង២០ម៉ឺននាក់ ដែលស្ថិតនៅក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ ហើយមកដល់ឆ្នាំ២០១១ អាចកាត់បន្ថយបានប្រហែលជា ២ទៅ៣ម៉ឺននាក់៕

Related Articles

Back to top button
Close
Close