សម្ដេចតេជោ ស្នើឲ្យរាជធានីភ្នំពេញធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មិនា ២០២១) ៖ តាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានស្នើឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ត្រូវរៀបចំធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ សម្រាប់មនុស្សជាង៥ម៉ឺននាក់
សម្ដេចតេជោ បានបន្ថែមទៀតថា ការរៀបចំយុទ្ធនាការនេះ ធ្វើឡើងឲ្យសណ្ដាប់ធ្នាប់ល្អ រក្សាគម្លាត ដោយ១ខណ្ឌ ត្រូវមាន១កន្លែង សម្រាប់ការចាក់វ៉ាក់សាំង។ «មិនមែនចាក់ថ្ងៃនេះទេ តែឲ្យឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ឱ វណ្ណឌីន រៀបចំរួចរាល់ ទើបចាប់ផ្ដើមធ្វើយុទ្ធនាការ»។
ការប្រកាសជ្រើសរើសរាជធានីភ្នំពេញធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ ដោយសារព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ» នៅតែកំពុងញាំញី រាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈខេត្តព្រះសីហនុហាក់ថមថយ។
គិតមកដល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ» មានអាយុ១ខែហើយ។ ព្រឹត្តិការណ៍នេះ បានចម្លងជំងឺកូវីដ១៩ ជាង១ពាន់នាក់ ដែលជាតួលេខកើនឡើងទ្វេដង នៃចំនួនឆ្លងពេញមួយឆ្នាំក្នុងឆ្នាំ២០២០។
ប្រទេសកម្ពុជា បានចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែកុម្ភៈ គឺការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន។ ឯវ៉ាក់សាំងអាស្រ្តាហ្សេនីកា ផលិតនៅឥណ្ឌា បានចាប់ផ្ដើមចាក់នៅថ្ងៃទី ៣ មីនា ២០២១។ គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងសរុបចំនួនជាង ៣០ម៉ឺននាក់ ក្នុងចំណោមកងទ័ព និងស៊ីវិល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យគណៈកម្មការចំពោះកិច្ច រៀបចំការចាក់វ៉ាក់សាំងលើកក្រោយនេះ ធ្វើឡើងឲ្យត្រូវតាមស្ដង់ដាររបស់វ៉ាក់សាំង គឺវ៉ាក់សាំងស៊ីណូហ្វាម ចាក់លើមនុស្សអាយុក្រោម៥៩ឆ្នាំ ឯវ៉ាក់សាំងអាស្រ្តាហ្សេនីកាចាក់លើមនុស្សអាយុចាប់ពីអាយុលើសពី ៦០ឆ្នាំ។
កម្ពុជានឹងមានវ៉ាក់សាំងមកជាបន្ដបន្ទាប់ ហើយកម្ពុជារំពឹងថា ការចាក់វ៉ាក់សាំងនឹងធ្វើឲ្យបានសម្រេចលើមនុស្សយ៉ាងតិច ១០លាននាក់៕