រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៩នាក់នៅស្រុកល្វាឯម

សារព័ត៌មាន​ Cambodia News/

កណ្តាល (១០ មីនា ២០២១) ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១នេះ អាជ្ញាធរខេត្តបានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៩នាក់ ដែលរស់នៅស្រុកល្វាឯម ឃុំពាមឧកញ៉ាអុង ខេត្តកណ្តាល ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

នៅយប់ថ្ងៃទី៩ ខែមីនា ​ម្សិល​មិញ លោក គង់ សោភ័ណ្ឌ ​​អភិបាលខេត្តកណ្តាល  ​បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ត្រួតពិនិត្យ ករណីនេះ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩ ហើយអ្នកជំងឺកូវីដ-១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ។

បន្ទាប់មក លោកអភិបាល បាន​ចាត់វិធានការឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនយន្តការគ្រប់គ្រងសភាពការណ៍ ខិតខំប្រឹងប្រែងស្រាវជ្រាវ ស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និង ដាក់ឲ្យធ្វើចត្តាឡីស័ក ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា ​ដើម្បីគ្រប់គ្រងសភាពការណ៍នេះ លោកអភិបាលខេត្តកណ្តាល បានសម្រេចផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន នៅភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម៕ ដោយ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close